អ្នកជំនាញមុជទឹក៖ ភ្ញៀវដែលទៅមុជទឹកមើល ផ្កាថ្ម ច្រើនតែ ជាជនបរទេស
ភ្នំពេញ៖ទេសចរណ៍ជាវិស័យដ៏មានឥទ្ធិពលមួយ និងដែល អាច មាន នៅគ្រប់ទីកន្លែង មិនថាលើគោក ឬក្នុងទឹក ។ប៉ុន្តែសម្រាប់ ប្រជាជនកម្ពុជាទេសចរណ៍ក្រោមបាតសមុទ្រហាក់ដូចជាថ្មីបន្តិច ជាហេតុបានជាអ្នកទេសចរមុជទឹកទៅបាតសមុទ្រច្រើនតែជាជនបរទេស។ប៉ុន្តែទេសចរណ៍បែបនេះក៏ត្រូវការចំណាយដែលអស់ច្រើន រយៈពេលនៃការកម្សាន្ដដែលយូរ និងទាមទារការគ្រប់គ្រង ស្ថានការណ៍ ខ្ពស់ ទំនងជាចំណែកមួយធ្វើឱ្យប្រជាជនខ្មែរមិន សូវជាចាប់អារម្មណ៍លើដំណើរកម្សាន្ដប្រភេទនេះ។
បើតាមអ្នកជំនាញផ្នែកមុជទឹកក្រោមបាតសមុទ្រមួយរូប ក្នុងការ ធ្វើដំណើរកម្សាន្ដទៅតាមកោះ ដើម្បីមុជទឹកមើលផ្កាថ្មគឺ ត្រូវ ចំណាយជាមធ្យម ៤០០ដុល្លារក្នុងម្នាក់។ តម្លៃ៤០០ដុល្លារនេះ គឺនឹងរាប់បញ្ជូលទាំងវគ្គបណ្ដុះបណ្ដាលយកសញ្ញាប័ត្រមុជទឹកផងដែរ ព្រោះបើសិនជាភ្ញៀវមិនមានសញ្ញាប័ត្រទេនោះ គេក៏មិន អនុញ្ញាត ឱ្យធ្វើដំណើរហែលចុះទៅបាតសមុទ្រនោះដែរ។
រីឯ រយៈពេលវិញ គឺទាមទារដល់ទៅបួនថ្ងៃ ដែលថ្ងៃទី១ជាការ បង្រៀនទ្រឹស្ដី ,ថ្ងៃទី២ជាការអនុវត្តទឹករាក់, ថ្ងៃទី៣ និងទី៤ទើប អាចទៅដកស្រង់បទពិសោធន៍ជាក់ស្ដែងបាន ដោយអាចមុជ បានត្រឹមជម្រៅ ជ្រៅបំផុត ១៨ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ែម ប៊ូថង អ្នកជំនាញមុជទឹក របស់ក្រុម ហ៊ុន Khmer Dive Group
លោក ញ៉ែម ប៊ូថង បានឱ្យដឹងថា ក្រៅតែពីកកត្តារួម ចំណែក ទាំងពីរនេះទៅ ការមុជទឹកក៏អាចបង្កជាការព្រួយបារម្ភផងដែរ ដោយសារតែ ហានិភ័យអាចកើតឡើងបានគ្រប់ពេល ដូច ជាឧបករណ៍មុជទឹកមិនដំណើរការ អស់ខ្យល់អុកស៊ីសែន ជួប នូវសត្វក្នុងទឹកដែលមានគ្រោះថ្នាក់ជាដើម។ ម៉្លោះហើយ វា ទាមទារ ឱ្យអ្នកទេសចរមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា។ប៉ុន្តែ ទស្សនីយភាពក្រោមបាតសមុទ្រដែលកម្រនឹងបានឃើញ ទឹក សមុទ្រ ថ្លាដូចកញ្ចក់ដែល អនុញ្ញាតឱ្យអ្នកទេសចរអាចមើល ឃើញ ជីវចម្រុះគ្រប់ប្រភេទហែលខ្វែងខ្វាត់ ផ្កាថ្មដ៏សម្បូរបែប ដែល នៅ រាយប៉ាយដុះចេញជារូបរាងខុសៗគ្នា នៅតែអាចទាក់ទាញចិត្ត អ្នកទេសចរឱ្យហ៊ានចំណាយប្រាក់ និងចំណាយពេលវេលាបាន។
ក្រុមហ៊ុន Khmer Dive Group ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម បណ្ដុះបណ្ដាលជំនាញមុជទឹក ព្រមទាំងមានសេវាកម្មរៀបចំ ដំណើរ កម្សាន្ដទៅតាមកោះនានាដើម្បីគយគន់ផ្កាថ្ម។
ក្រុមហ៊ុនមួយនេះ ក៏ធ្វើការគាំទ្រការស្រាវជ្រាវ និងអភិរក្សជីវចម្រុះ ដែលមិនទាន់បានកំណត់អត្តសញ្ញាណផងដែរ។
អ្នកជំនាញ លោក ញ៉ែម ប៊ូថង បានបញ្ជាក់ឱ្យដឹងថា ៖ «រាប់ ចាប់តាំងពីបើកប្រទេសវិញយើងក៏ចាប់ផ្ដើមទទួលបានភ្ញៀវឡើងវិញ គ្រាន់តែថាមិនទាន់បានច្រើនដូចកាលមុនកូវីដនៅ ឡើយ បើ សម្រាប់ភ្ញៀវវិញ កន្លងមក យើងច្រើនតែទទួលបានភ្ញៀវបរទេស ច្រើនជាងភ្ញៀវជាជនជាតិខ្មែរ»។
អ្នកជំនាញរូបនេះបានបន្តទៀតថា សម្រាប់បញ្ហាសុវត្ថិភាព ខាងក្រុមហ៊ុនមានជាការរៀបចំច្បាស់លាស់ ដើម្បីធានាជូន ភ្ញៀវដោយនៅពេលមុជទឹក គឺមានការមុជជាក្រុម ក្នុងនោះ ក៏មានអ្នកជំនាញដើម្បីចាំជួយផងដែរ។ ម្យ៉ាងទៀត តំបន់ ដែល ក្រុមហ៊ុនជ្រើសរើសយកភ្ញៀវទេសចរទៅ សុទ្ធសឹង តែជា តំបន់ មានការស្រាវជ្រាវច្បាស់លាស់ និងជាតំបន់ ល្បីល្បាញ ថាមាន ផ្កាថ្មស្អាតៗ តួយ៉ាងដូចជា កោះរ៉ុង កោះ២៣ កោះរ៉ុងសន្លឹម និងបណ្ដាកូនកោះផ្សេង ទៀតនៅក្នុងខេត្តព្រះសីហនុ និង កោះកុង។
បើទោះបីជាបច្ចុប្បន្នអត្រានៃភ្ញៀវទេសចរជាជនជាតិខ្មែរ នៅ មានកម្រិត ប៉ុន្តែក្រុមហ៊ុនបង្ហាញក្ដី រំពឹងថាទៅថ្ងៃមុខ អាច នឹងមានការកើនឡើង។ កើនឡើង គឺនៅពេលដែល ពួក គេបានយល់ដឹងច្បាស់ អំពីសេវាកម្មដែលមានផ្ដល់ជូន ជាពិសេសទស្សនីយភាពដ៏កម្រ និងវិសេសវិសាល អំពី ជីវៈចម្រុះក្រោម បាតសមុទ្រ។ នេះបើតាមការលើក ឡើង បន្ថែមពីលោក ញ៉ែម ប៊ូថង។
លោកនិយាយថា ម្យ៉ាងទៀត ទេសចរណ៍ក្រោមបាតសមុទ្រក៏ជា ចំណែកមួយក្នុងការអភិរក្សតំបន់មានផ្កាថ្មស្រស់ស្អាត ឱ្យនៅ ស្ថិតស្ថេរគង់វង្សផងដែរ ចៀសផុតពីការបំផ្លេចបំផ្លាញ និង ការ នេសាទលើសកម្រិតនានា។ វាក៏បានជួយបង្កើនចំណូលដល់ ប្រជាជនក្នុងស្រុកដែលប្រកបរបរបើកទូកជូនភ្ញៀវ ប្រជាជន ដែលលក់ ចំណីចំណុកជាដើម៕
ដោយ៖កែវ បុស្បា