បញ្ជាការដ្ឋានជើងគោក, ស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីនចុះហត្ថលេខាលើកិច្ចសន្យាបោសសំអាតមីន (Video Inside)

មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ជាមួយអនុប្រធានទី១នៃអាជ្ញាធរមីន លោក លី ធុជ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការបោសសម្អាតមីនគាំទ្រពី “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥”។

ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។ ពិធីចុះហត្ថលេខានេះ គឺរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់, និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម។

មន្ត្រីរៀបចំបានថ្លែងថាគោលបំណង នៃការចុះហត្ថលេខា គឺដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០លាន២៧ម៉ឺន៨ពាន់៨១៧ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” ។

យោងតាមកិច្ចសន្យា ចុះហត្ថលេខា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើការបោសសម្អាតលើផ្ទៃ ដីប្រមាណ៤៦លាន៨៤ម៉ឺន៣ពាន់៧៤០ ម៉ែត្រក្រឡានៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ចំណែកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម នឹងធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧លាន១១ម៉ឺន៦រយ៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី។

រីឯមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ នឹងធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦លាន៣២ម៉ឺន៤ពាន់៣៨០ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់, និងខេត្តសៀមរាប។

ads banner