ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទៅចាក់វ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា
ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ថ្លែងដូចនេះនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់ខ្នងផ្ទះទី២៤៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ប៉ែន ចាន់សេរី អាយុ៤៥ឆ្នាំ ត្រូវជាភរិយាលោកព្រិន្ទបាលទោ អាត ភី អាយុ៥១ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ៥១ ខេត្តបន្ទាយមានជ័យ ហើយបានពលីជីវិតនៅឆ្នាំ២០១៣ ដោយជម្ងឺគ្រុនចាញ់ រស់នៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បច្ចុប្បន្ន លោកស្រី ប៉ែន ចាន់សេរី មានកូនក្នុងបន្ទុកចំនួន២នាក់ ប្រកបរបរជាអ្នកអនាម័យតាមភោជនីយដ្ឋាន ។
ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគ្រួសារលោកស្រី ប៉ែន ចាន់សេរី បន្ថែមទៀតមាន៖ អង្ករ , មី, ត្រីខ, ទឹកត្រី, ទឹកសុទ្ធ និងសម្ភារៈសម្រាប់បប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ ៕
ដោយ ៖ ប៊ុន រដ្ឋា

