ឯកឧត្តម ជា សុផារ៉ា ដឹកនាំប្រតិភូអន្តរក្រសួង បើកកិច្ចប្រជុំត្រួតពិនិត្យទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់ដីតំបន់២ និងតំបន់៣
ខេត្តបាត់ដំបង ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង បើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធភូមិសាស្ត្រជាប់តំបន់បឹងទន្លេសាប ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកនូវសំណើរ ដើម្បីសុំកែសម្រួលនូវផ្ទៃដីទំហំ ១៩២៥១,៣ហិកតា។ក្នុងនោះដីមិនទាន់ចុះបញ្ជី មានចំនួន៧ ៣០៧គ្រួសារ និងដីចុះបញ្ជីរួចមានចំនួន ៣ ០៩៨ ក្បាលដី។ ដោយកាត់ចេញពីតំបន់៣ មកជាដីតំបន់២វិញ។ និងពីដីតំបន់៣ ឲ្យមកជាតំបន់១ និងពីដីតំបន់២មកជាដីតំបន់១ជូនប្រជាពលរដ្ឋដែលបានតាំងទីលំនៅគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអះអាងថា៖ នឹងលើកយកសំណើរ និងសំណូមរបស់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ទៅរាយការណ៍ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេច។
ក្នុងនោះដែរ អាជ្ញាធរខេត្តបាត់ដំបង បានរកឃើញថា៖ ដីព្រៃលិចទឹកនៅតំបន់៣ ក្នុងភូមិសាស្រ្តស្រុកចំនួន ៤ជាប់បឹងទន្លេសាបរួមមាន៖ ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល មានប្រមាណជាង១ម៉ឺនហិកតាដែលត្រូវបានជនខិលខូចរំលោភទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងបានដកហូតត្រឡប់មកវិញ។
ឯកឧត្តម ជា សុផារ៉ា បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបងត្រូវជួយការពារតំបន់៣ឱ្យបាន និងកុំឱ្យមានការទន្រ្ទាន និងបំផ្លាញព្រៃលិចទឹកដែលជាសម្បត្តិដ៏មានតម្លៃសម្រាប់ទុកឱ្យកូនចៅតជំនាន់។
សូមបញ្ជាក់ថា៖ ក្នុងអនុក្រឹត្យលេខ.១៩៧របស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅ៦ ខេត្តជុំវិញបឹងទន្លេសាប មានចំនួនសរុប ៦៤៧ ៤០៦ហិកតា។ ដោយឡែកខេត្តបាត់ដំបង មានព្រៃលិចទឹក ចំនួន ២០ម៉ឺន៦.៩៥៣ហិកតា ៕ អ៊ុក សំអាន បប


