សម្ដេចតេជោ ហ៊ុន សែន៖ ជ័យជម្នះ ៧ មករា មិនគ្រាន់តែធ្វើឲ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែបានធ្វើឲ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ រួមទាំងគ្រិស្ដសាសនាផងដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជ័យជម្នះ ៧មករា មិនគ្រាន់តែធ្វើឲ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ រួមទាំងគ្រិស្ដសាសនាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អស់រយៈពេល ១០០ឆ្នាំហើយ ដែលសាសនាគ្រិស្ត បាននៅជាមួយនឹងពលរដ្ឋកម្ពុជា។ សាសនានេះ ក៏បានឆ្លងកាត់នូវការលំបាកជាមួយនឹងពលរដ្ឋផងដែរ ឆ្លងកាត់សង្គ្រាមអំពើប្រល័យពូជសាសន៍ដូចគ្នា ។

សម្ដេចបញ្ជាក់ថា ថ្ងៃជ័យជំនះ ៧ មករា គឺបាននាំមកឲ្យប្រជាជនកម្ពុជាវិញនូវសិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍដូចបច្ចុប្បន្ន ហើយគ្រិស្តសាសនា ក៏ដូចគ្នាដែរ ។ សម្ដេចថា៖ ពេលយើងមានទុក្ខ គឺយើងមានទុក្ខទាំងអស់គ្នា តាមរយៈនេះអ្នកទាំងអស់គ្នាអាចនឹងបានដឹងហើយថា ៧ មករា មិនគ្រាន់តែធ្វើឲ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែបានធ្វើឲ្យរស់ឡើងវិញនៅគ្រប់សាសនាទាំងអស់រូបទាំងគ្រិស្ដសាសនាផងដែរ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រិស្តសាសនា ចូលរួមក្នុងការថែរក្សាសន្តិភាព ដែលមានក្នុងពេលបច្ចុប្បន្ន ឲ្យបានស្ថិតិគង់វង្សផងដែរ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថា៖ តើបានឃើញសោកនាដកម្មដែលកើតឡើងចំពោះប្រទេសដែលមានសង្គ្រាម? ហើយឲ្យក្នុងនោះគ្រិស្តសាសនាក៏បានរួមទុក្ខវេទនាផងដែរ។ សម្រាប់កម្ពុជា យើងកំពុងតែទទួលផលពីសន្តិភាពនេះ ដូច្នេះត្រូវប្រើប្រាស់អស់នូវសក្កានុពលសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍន៍របស់ពួកយើង៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner