ខណ្ឌដូនពេញ នឹងត្រូវចាប់ផ្តើមពង្រឹងសេវាទូរស័ព្ទមុនគេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តាមរយ:បទពិសោធន៍នៃការពង្រឹងគុណភាពសេវា នៅ បុរីប៉េងហួតបឹងស្នោ ដែលទទួលបានលទ្ធផល ល្អប្រសើរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងយកទៅ អនុវត្ត នៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅ តាម ខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពី ខណ្ឌដូនពេញ មុន គេ។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឯកឧត្តម ជា វ៉ាន់ដេត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់ គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាឱកាសនោះលោកបានលើកឡើងថា តាមរយ:ការដោះស្រាយ បញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករ ទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរី មាន ភាពល្អប្រសើរជាងមុន ៧០ភាគរយ បន្ទាប់ពីក្រុមការងារ បាន សាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោលដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយអង់តែន របស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។

លោកបញ្ជាក់ថា៖«តាមរយ:បទពិសោធនៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោនេះ ក្រសួងនឹងយកទៅអនុវត្ត នៅ តាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀតដំណាលគ្នា ដោយចាប់ផ្តើមពី ខណ្ឌដូនពេញមុនគេ»។
លោកបន្តថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ ស្ថានីយ អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករ នឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

ប្រភពពីក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ក្នុងដំណើរការពង្រឹក គុណភាព សេវានេះ មានប្រជាពលរដ្ឋមួយចំនួនតូច បានតវ៉ាមិន ឱ្យសាងសង់ ប៉ុន្តែឯកឧត្តម ជា វ៉ាន់ដេត ជម្រាបជូនថា នឹងស្ដាប់ មតិភាពច្រើន ពោលបើសិនមានប្រជាពលរដ្ឋលើសពី៧០ ភាគរយ មានសំណូមពរ ឱ្យបំពាក់អង់តែនបន្ថែម លោក នឹងគោរពស្នើសុំ គោលការណ៍ដើម្បីសាងសង់នៅគម្រោងទី២នោះ។

ឯកឧត្តម ជា វ៉ានដេត បញ្ជាក់ថា ដើម្បីការពារសិទ្ធិនិងផល ប្រយោជន៍ របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវា ទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់ តម្លាភាព នៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពី ស្ថានភាពនៃការប្រើប្រាស់ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់ វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ិនធឺណិត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ិនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាច រាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

ឆ្លៀតក្នុងនាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោល បំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួតមុនគេ និងស្នើឱ្យអ្នកមាន លទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើទាំង 4G និង 5G ឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ ម៉ឺន គ្រឿង៕ ដោយ៖ ឡាយ សាមាន

ads banner