មន្រ្តីអឺរ៉ុបចោទរុស្ស៊ីថា កំពុងបង្វែរការធ្វើសង្រ្គាមនៅអ៊ុយក្រែន ទៅជាការធ្វើសង្គ្រាមប្រឆាំងអង្គការណាតូ និងលោកខាងលិចវិញ

តូក្យូ៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានចោទថា រុស្ស៊ីបានយកសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ទៅជា “ដំណាក់កាលផ្សេង” ដោយធ្វើការវាយប្រហារមិនរើសអើងទាំងលើជនស៊ីវិល និងគោលដៅមិនមែនយោធា ខណៈទីក្រុងមូស្គូកំពុងរិះគន់ការបញ្ជូនរថក្រោះប្រយុទ្ធរបស់អាល្លឺម៉ង់ និងអាមេរិកឱ្យអ៊ុយក្រែន។

មន្រ្តីជាន់ខ្ពស់អឺរ៉ុប លោក Stefano Sannino បានការពារការផ្តល់សម្ភារៈយោធារបស់អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដល់អ៊ុយក្រែន ហើយបានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះការធ្វើសង្រ្គាមលើអង្គការណាតូ និងលោកខាងលិច។

លោក Sannino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកថា លោក ពូទីន បានផ្លាស់ប្តូរពីគំនិតនៃប្រតិបត្តិការយោធាពិសេស ទៅជាគំនិតធ្វើសង្រ្គាមប្រឆាំងអង្គការណាតូ និងលោកខាងលិច។

លោកថា ការផ្តល់រថក្រោះរបស់អាល្លឺម៉ង់-អាមេរិក គឺសំដៅជួយប្រជាជនអ៊ុយក្រែនការពារខ្លួនក្នុងសង្រ្គាម ជាជាងធ្វើឱ្យពួកគេក្លាយជាអ្នកវាយប្រហារ។

លោកបន្ថែមថា សហភាពអឺរ៉ុបមិនផ្លាស់ប្តូរសង្រ្គាមទៅដំណាក់កាលផ្សេងនោះទេ ប៉ុន្តែគ្រាន់តែចង់ផ្តល់លទ្ធភាពសង្គ្រោះជីវិត និងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនការពារខ្លួនពួកគេ ពីការវាយប្រហារដ៏ព្រៃផ្សៃរបស់រុស្ស៊ី។

គួរបញ្ជាក់ថា អាល្លឺម៉ង់ និងអាមេរិកបានប្រកាសនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា ពួកគេនឹងបញ្ជូនរថក្រោះប្រយុទ្ធកម្រិតខ្ពស់ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ បំបែកភាពជាប់គាំងនៃការប្រយុទ្ធ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីចូលដល់ខែទី១២ របស់ខ្លួន៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner