រុស្ស៊ីចោទថា ការលូកដៃក្នុងសង្គ្រាមរបស់ណាតូកំពុងកើនឡើង ក្រោយប្រកាសផ្តល់រថក្រោះដល់អ៊ុយក្រែន
មូស្គូ៖ ប្រទេសរុស្ស៊ីបានបញ្ជាក់ថា ការបញ្ជូនរថក្រោះប្រយុទ្ធរបស់អង្គការណាតូទៅឱ្យអ៊ុយក្រែន គឺជាភស្តុតាង “ដោយផ្ទាល់ និងការកើនឡើង” ការចូលរួមរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបទៅក្នុងសង្គ្រាម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ បាននិយាយនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះថា មានសេចក្តីថ្លែងការណ៍ឥតឈប់ឈរពីរដ្ឋធានីអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោនថា នឹងការបញ្ជូនប្រព័ន្ធសព្វាវុធផ្សេងៗទៅកាន់អ៊ុយក្រែន រួមទាំងរថក្រោះ ប៉ុន្តែការនេះមិនមានន័យថា ការពាក់ព័ន្ធរបស់ប្រទេសទាំងនេះ ឬសម្ព័ន្ធភាពទៅក្នុងអរិភាពនៅប្រទេសអ៊ុយក្រែននោះទេ។
យើងមិនយល់ស្របជាដាច់ខាតចំពោះរឿងនេះ ហើយនៅទីក្រុងមូស្គូ អ្វីគ្រប់យ៉ាងដែលសម្ព័ន្ធភាព និងរដ្ឋធានីដែលខ្ញុំបានលើកឡើងកំពុងធ្វើ ត្រូវបានគេមើលឃើញថា ជាការចូលរួមដោយផ្ទាល់ក្នុងជម្លោះ ហើយយើងមើលឃើញថា សកម្មភាពនេះកំពុងតែរីកចម្រើន។
ដោយឡែកលោក សឺហ្គៃ ខារ៉ាហ្គាណូវ ដែលជាអតីតទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានអះអាងដែរថា ការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់អង្គការណាតូ អាចបណ្តាលឱ្យមានការសងសឹកខាងយោធារបស់រុស្ស៊ី ប្រឆាំងនឹងបណ្តាប្រទេសដែលផ្គត់ផ្គង់ពួកវាដល់អ៊ុយក្រែន។
លោកបានប្រាប់សារព័ត៌មាន Al Jazeera ថា តាមរយៈការបញ្ជូនរថក្រោះ បាននាំឱ្យបណ្តាប្រទេសសមាជិកណាតូចូលរួមយ៉ាងបើកចំហទៅក្នុងសង្គ្រាម ហើយពួកគេនឹងក្លាយជាគោលដៅដ៏មានសក្តានុពល៕ ប្រភព៖ Al Jazeera ប្រែសម្រួលដោយ៖ ទីណា
