អ្នកនាំពាក្យក្រសួងការបរទេស៖ «អ្នករាយការណ៍ព័ត៌មានគួរធ្វើការដោយផ្អែកលើអង្គហេតុពិត និងស្ថិតិ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ»

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានការខកចិត្ត និងច្រានចោលអត្ថបទដែលបង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លៃទាំងស្រុងនូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស។

ទី១ ការផ្សព្វផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានភាពលម្អៀង និងមានការរើសអើង។ ការពិតគឺ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយគាំពារ និងជួយឧបត្ថម្ភពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដោយអនុលោមតាមច្បាប់ និងមិនគិតពីនិន្នាការនយោបាយទេ។

ក្នុងស្ថានភាពរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ ស្ថានតំណាងកម្ពុជា នៅបរទេស បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរប្រមាណ ២.៩០០ នាក់ និងបានផ្តល់ដោយគ្មានការរើសអើង នូវជំនួយរដ្ឋបាល កុងស៊ុល និងសម្ភារៈជូនពលករនិងនិស្សិតខ្មែរសរុប ជាង ២៦.០០០ នាក់ នៅតាមប្រទេសផ្សេងៗជាច្រើន ។

វិទ្យុខាងលើហាក់ភ្លេចនូវសេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៩របស់ខ្លួន ដែលថ្លែងថា ពលករខ្មែរម្នាក់បានទទួលឯកសារកុងស៊ុលពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅវេលាម៉ោង ១០ យប់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយមន្ទីរពេទ្យនានា ធ្វើការលើកលែងអនុគ្រោះថ្លៃព្យាបាលជំងឺ ក្រោមហេតុផលមនុស្សធម៌ ជូនដល់អ្នកជំងឺខ្មែរ ដែលគ្មានលទ្ធភាពបង់ប្រាក់ បានចំនួន ២៣ ករណី។ នេះ គ្រាន់ តែ ជា ឧទាហរណ៍ មួយ ដែលបានជ្រើសរើសចេញពីស្ថានទូតកម្ពុជាមួយ ក្នុងចំណោមស្ថានតំណាងកម្ពុជានៅបរទេស ប៉ុណ្ណោះ។

ទី ២ ការ ចោទ ប្រកាន់ថាមន្ត្រី ស្ថានទូតមួយចំនួន បានជំរិត ទារ ប្រាក់ ពីការផ្ដល់សេវា កុងស៊ុល គឺធ្វើឡើង ដោយគ្មានមូលដ្ឋានប្រាកដ។ ការពិតគឺ តាមការណែនាំដ៏ម៉ឺងម៉ាត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ បានលុបបំបាត់ការឆ្លៀតឱកាស ផ្តល់សេវារបស់ភាគីទីបី លើកទឹកចិត្តដល់ពលករឱ្យដាក់សំណើដោយផ្ទាល់ និងពន្លឿនការផ្តល់សេវា។ ជាក់ស្ដែង ស្ថានទូត កម្ពុជា នៅទីក្រុង បាងកក បាន ចេញ ឯកសារ កុងស៊ុល នៅ ថ្ងៃ ដដែល បន្ទាប់ ពី ទទួល បានឯកសារសំណើ។

ជាទីបញ្ចប់ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុខាងលើ គួរធ្វើការដោយផ្អែកលើអង្គហេតុពិត និងស្ថិតិគ្រប់គ្រាន់ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ ប្រសិនបើមានបំណងអះអាងថា ខ្លួនធ្វើការប្រកបដោយវិជ្ជាជីវៈ៕ ដោយ:ពលជ័យ

ads banner