សម្ដេច ហេង សំរិន៖ ឆ្នាំ២០២៣ មានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើដើម្បីឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតនា ពេលខាងមុខ

ភ្នំពេញ៖ ឆ្នាំ២០២៣ មានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើចំពោះមុខ ក្នុងនោះក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុត ដើម្បីឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ។

នេះជាការលើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៨ និងទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំនៃក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានី-ខេត្ត និងថ្នាក់ដឹកនាំនៃអង្គការមហាជនរបស់គណបក្សចូលរួម សរុបចំនួន ៣៥៥៨រូប ។

សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ៖ យើងជួបជុំគ្នាប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅក្នុងអាគ៌ាវិមាន៧មករា នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីពិនិត្យវាយតម្លៃលើការងារសំខាន់ៗ និងកំណត់ដាក់ចេញនូវទិសដៅការងារដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តទៀត។

សម្ដេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបន្តថា បើនិយាយពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាវិញ មកដល់ពេលនេះយើងពង្រឹងពង្រីកបានធនធានមនុស្សសម្បូរបែប ជាពិសេសមានធនធានសម្រាប់បន្តវេនតាម សម័យកាល យើងពង្រឹងរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់បានរឹងមាំ យើងពង្រឹងពង្រីកសមាជិកបក្ស ទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានក្នុងសង្គម យើងមានកន្លែងធ្វើការដូចជា អាគ៌ាវិមាន៧មករា និងអាគា នៃទីស្នាក់ការគណបក្សគ្រប់ថ្នាក់ រឹងមាំ ស័ក្ដិសម សមរម្យ នៅទូទាំងប្រទេស ព្រមទាំងមាន មធ្យោបាយផ្សេងទៀតសម្រាប់ធ្វើការងារផងដែរ។ ទាំងអស់នេះ បញ្ចាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈានមុខដែលមានឧត្តមភាពខ្ពស់សម្រាប់ការប្រកួតប្រជែងក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស និងក៏ជាផែនគ្រឹះទ្រទ្រង់ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍វែងឆ្ងាយយូរអង្វែង។

សម្ដេចពញាចក្រី បានបន្ថែមថា អ្វីដែលយើងត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺឆ្នាំ២០២៣ ជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាល ឆ្នាំ២០១៨-២០២៣ និងក៏ជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំបន្តទៀត។ ប្រការនេះបញ្ជាក់ថា យើងពិតជាមានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើនាពេលចំពោះមុខ ហើយក្នុងនោះក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុតដើម្បីឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ។

សម្ដេចពញាចក្រី ហេង សំរិន បានបន្តទៀតថា យើងបានខិតខំជាបន្តបន្ទាប់រួចមកហើយ តាមរយៈការអនុវត្តនូវទិសដៅការងារដែល កំណត់ដោយសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ និងដោយ សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ នាថ្ងៃទី១៦.១៧ ខែកក្កដា ឆ្នាំ២០២២ ព្រមទាំងទិសដៅជាក់ស្តែងដែលសម្តេចតេជោ ប្រធានគណបក្ស បានណែនាំនៅក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីនៅរាជធានី និងខេត្តនានា។ ប៉ុន្តែចាប់ពីពេលនេះទៅ យើងត្រូវតែជំរុញល្បឿននៃការអនុវត្តទិសដៅខាងលើឱ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះជិតដល់ទីផ្តាច់ព្រ័ត្រហើយ។

សម្ដេចបន្តថា ផ្តើមពីនេះ អង្គមហាសន្និបាតរបស់យើងនៅពេលនេះ គឺត្រូវរួមគ្នាសម្រេចឱ្យបាននូវកម្មវិធីនយោបាយថ្មីមួយរបស់គណបក្ស ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំប្រទេសរយៈពេល៥ឆ្នាំ បន្តទៀត ហើយដែលដំបូងបង្អស់គឺត្រូវយកទៅឃោសនាផ្សព្វផ្សាយនៅពេលយុទ្ធនាការឃោសនា បោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានយល់ជ្រួតជ្រាប និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner