កម្ពុជា-កូរ៉េ បើកវេទិការធុរកិច្ចនិងវិនិយោគរួមគ្នា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
ទីក្រុងសេអ៊ូល,ប្រទេសកូរ៉េ ៖ វេទិការធុរកិច្ចនិងវិនិយោគរួមគ្នា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ ត្រូវបានបើករួមគ្នានៅទីក្រុងសេអ៊ូល សាធារណៈកូរ៉េ កាលពីថ្ងៃទីទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមជាអធីបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ, ឯកឧត្តម KANG Jae Kwon អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេសកូរ៉េ និងលោកជំទាវឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរប្រមាណ ១៥០ ក្រុមហ៊ុន ផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីពាណិជ្ជកម្ម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនទាំងអស់ ដែលបានរៀបចំ វេទិកាធុរកិច្ចនិងវិនិយោគដ៏មានសារៈសំខាន់នេះ ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ជាដើម សំដៅអាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ការបណ្តាក់ទុនរួមគ្នា។
ឯកឧត្តម AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ មានជំនឿទុកចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំនុកចិត្តនិងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ហើយតាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តោតសំខាន់លើទិសដៅគោលនយោបាយមួយចំនួនរួមមាន ការពង្រីកនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាត ជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ក៏បានថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះដែរ ឯកឧត្តម អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេសកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តម បានជម្រាបផងដែរថាក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាមានចំណាត់ថ្នាក់ទី១ដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីកូរ៉េ និងបានបញ្ជាក់ផងដែរថា កម្ពុជាជាដៃគូដ៏ល្អនៅក្នុងតំបន់អាស៊ាននិងមេគង្គ៕ ង៉ាន់ ទិត្យ


