សារមន្ទីរជាតិ បង្ហាញថា លទ្ធផលនៃការតភ្ជាប់ព្រះហស្ត ចំនួនពីរ គឺជាព្រះហស្តរបស់ព្រះបាទជ័យវម៌្មទី៧
ភ្នំពេញ៖សារមន្ទីរជាតិកម្ពុជានៅថ្ងៃទី២៨ខែមករានេះ បានឱ្យ ដឹង ថា លទ្ធផលនៃការតភ្ជាប់ព្រហស្តចំនួនពីរដែលត្រូវបានរកឃើញ ជាបន្តបន្ទាប់នោះ បានបង្ហាញថា គឺជាព្រះហស្តរបស់ ព្រះបាទជ័យ វម៌្មទី៧ ពិតមែន បន្ទាប់ពីធ្វើការបង្គំឡើងវិញអស់រយៈ ពេលជាច្រើន ឆ្នាំ។

ប្រភពសារមន្ទីរជាតិកម្ពុជា(National Museum of Cambodia) បានឱ្យដឹងថា បំណែករូបព្រះបាទជ័យវម៌្មទី៧ រក ឃើញ ដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបាន យកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមក លោក Georges Groslier បានដឹកយកមករក្សាទុកនៅ សារមន្ទីរ ជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។

លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃ សារមន្ទីរជាតិ សង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះ មិន ត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាម បទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។

ប្រភពដដែលបន្តថា ជាកំណត់សម្គាល់ បំណែកព្រះហស្តស្តាំ នៃរូប ព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០។ដោយឡែក បំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤។ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជា បំណែក ព្រះហស្ដរបស់ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការ យកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។
សារមន្ទីរជាតិកម្ពុជាបន្តថា៖«សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់ នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញ ថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវម៌្មទី៧ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អ ស្ទើរ១០០ ភាគរយ»។

បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើ សុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ ព្រះអង្គផ្ទាល់ ។
លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយក ព្រះហស្ដ ទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុង ការត ភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។

សារមន្ទីរជាតិ បញ្ជាក់យ៉ាងដូច្នេះថា៖«គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ដើម្បីប្រយោជន៍លើកតម្កើងកិត្យានុភាព និង រំឮកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារ កម្ពុជទេសនៃ យើង»៕
ដោយ៖ឡាយ សាមាន