គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ ។ នេះបើតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករាក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។
មហាសន្និបាតបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន។ ជាមួយគ្នានេះ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែបានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
មហាសន្និបាត បានបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍។ ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើក កម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មាន ការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ។
មហាសន្និបាតផ្តោតសារៈសំខាន់ជាយុទ្ធសាស្ត្រ ចំពោះការបន្តកសាងពង្រឹងគណបក្សឱ្យកាន់តែ រឹងមាំ និងស្អាតស្អំលើគ្រប់ផ្នែក ដើម្បីបង្កើនការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជន និងលើកកម្ពស់ សមត្ថភាពដឹកនាំរបស់គណបក្សឱ្យឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចដែលមានកាន់តែច្រើនឡើង និង កាន់តែលំបាកស្មុគស្មាញឡើង។ ជាពិសេស ការពង្រឹងគណបក្សថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់មូលដ្ឋានឃុំ សង្កាត់ ដែលមានតួនាទីគន្លឹះក្នុងការធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ៕ ដោយ :វណ្ណលុក