គណបក្សប្រជាជនកម្ពុជា ផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ នេះបើតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករា ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនឱ្យបានកាន់តែល្អ ប្រសើរ តាមរយៈការបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥, បន្តអនុវត្ត កម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, អនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ ប្រាក់ជូនគ្រួសារដែលរងហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, បន្តជំរុញការដំឡើងប្រាក់បៀវត្សមន្ត្រី- រាជការ និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍ ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត និងការអនុវត្តប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតក្រោមបទបញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងខិតខំដោះស្រាយតម្រូវការផ្សេងៗរបស់ប្រជាជនជាអាទិ៍ ការងារធ្វើទីផ្សារកសិផល ស្ថិរភាព ថ្លៃទំនិញចាំបាច់ ការថែរក្សាសុខភាព ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការកសាងផ្លូវជនបទ ប្រឡាយទឹកជាដើម។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ សំដៅការពារផលប្រយោជន៍ស្នូលរបស់ជាតិ, គោរពនិយាម គោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អ.ស.ប. និងអាស៊ាន, ចូលរួមសកម្មក្នុងកិច្ចប្រឹងប្រែងតំបន់ និងសាកលលោកដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព, បន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកថ្មឆ្លង ដែនគ្រប់ប្រភេទ អំពើភេរវកម្ម ជំងឺឆ្លងនានា។ល។ និងរួមចំណែកក្នុងការពង្រឹងពហុភាគីនិយម។
ជាមួយគ្នានេះ នៅក្នុងបរិការណ៍ដែលសភាពការណ៍តំបន់ និងអន្តរជាតិ កំពុងមានការវិវត្តដ៏ស្មុគស្មាញ មិនប្រាកដប្រជា និង ប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងនោះ យើងសូមអំពាវនាវដល់បណ្ដារដ្ឋដែលពាក់ព័ន្ធក្នុងជម្លោះនានា សូមបង្កើន ការអត់ធ្មត់ ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយព្យាយាមរួមគ្នារកដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាបាន នូវសុខសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ ៕ ដោយ :វណ្ណលុក