គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ជនរួមជាតិគ្រប់ទិសទី បន្តរួមសាមគ្គីជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ដើម្បីការពារសន្តិភាព និងសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍ
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់ទិសទី បន្តរួមសាមគ្គីជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ដើម្បីការពារសន្តិភាព និងសម្រេចសមិទ្ធផលធំៗថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍ ។ នេះបើតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករា ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា សូមសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅគ្រប់ ទិសទីទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស ដែលបានផ្ដល់យុត្តិធម៌ ការគាំទ្រ និងការជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤៤ឆ្នាំ កន្លងទៅនេះ ដែលធ្វើឱ្យគណបក្សមានលទ្ធភាពបំពេញភារកិច្ច បម្រើជាតិមាតុភូមិប្រកបដោយជោគជ័យ។

ព្រមជាមួយនេះ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបណ្ត ប្រទេសជាមិត្ត សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបាននិងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា ដល់បុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សចុះមូលដ្ឋាន រាល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស ទាំងមូលដែលបានរក្សាខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង យកអស់កម្លាំងកាយ និងកម្លាំងចិត្ត ខិតខំសម្រេចរាល់ភារកិច្ចដែលគណបក្សបានដាក់ចេញ និងកំពុងបន្តជំរុញសកម្មភាពឥតថមថយ ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាជីវភាពជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ។

ព្រមជាមួយនេះ មហាសន្និបាត សូមអំពាវនាវ ដល់បងប្អូនជនរួមជាតិគ្រប់ទិសទី សូមគាំទ្រកម្មវិធីនយោបាយរបស់គណបក្ស និងបន្តរួមសាមគ្គីជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍ ៕ ដោយ វណ្ណលុក
