គណបក្សប្រជាជនកម្ពុជា ដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យបន្តទៀត
ភ្នំពេញ៖ គោលដៅយុទ្ធសាស្ត្រ និងគោលនយោបាយធំៗមួយចំនួន ត្រូវបានមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដាក់ចេញ ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
នេះបើតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករាក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។
មហាសន្និបាតបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗជា អាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ជាក់ស្ដែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
គោលដៅជាយុទ្ធសាស្ត្រទាំង៥ រួមមាន ៖
ទី១- ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលន សង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។
ទី២- សាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរ សប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។
ទី៣- កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ (ដែល) ធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។
ទី៤-ជំរុញការអនុវត្ត “កម្ពុជាគ្មានមិនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា”។
ទី៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ៕
ដោយ :វណ្ណលុក