គណបក្សប្រជាជនកម្ពុជា វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ រំពឹងថា នឹងមានកំណើន ៥,៦ភាគរយ
ភ្នំពេញ:មហាសន្និបាតវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថា មានកំណើន ៥,២% ហើយនៅឆ្នាំ២០២៣ រំពឹងថានឹងមានកំណើន ៥,៦%។ នេះបើតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករា ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។
មហាសន្និបាតវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាបានបន្តភាពខ្លាំងជាសារវន្ត។ ជាក់ស្ដែង មុនផ្ទុះឡើង ជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% នៅឆ្នាំ២០១៨ និង៧,១% នៅឆ្នាំ២០១៩។ នៅឆ្នាំ២០២០ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន ៣,១%។
ដើម្បីឆ្លើយតបឱ្យទាន់ពេលក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយធំៗមួយ ចំនួន សំដៅគាំទ្រសេដ្ឋកិច្ចឱ្យចាកចេញពីកំណើនអវិជ្ជមានក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបាន ងើបឡើងវិញយ៉ាងឆាប់ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១, នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថា មានកំណើន ៥,២% ហើយនៅឆ្នាំ ២០២៣ រំពឹងថានឹងមានកំណើន ៥,៦% ៕ ដោយ :វណ្ណលុក