អាជ្ញាធរមូលដ្ឋាន បើកការដ្ឋានធ្វើផ្លូវជាង ៣គីឡូម៉ែត្រកាត់វាលស្រែក្នុងឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក៏ដូចប្រជាកសិករក្នុងការធ្វើដំណើរ អាជ្ញាធរមូលដ្ឋានបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានធ្វើផ្លូវមួយខ្សែប្រវែងជា ៣គីឡូម៉ែត្រ កាត់វាលស្រែភ្ជាប់ភូមិ ពីរ ក្នុងឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។

លោកមេឃុំបុស្បូវ បានបញ្ជាក់ថា កន្លងមកក៏ដូចពេលនេះការធ្វើដំណើររបស់អ្នកភូមិ ឆ្លងកាត់ពីភូមិមួយ ទៅភូមិមួយ ត្រូវវាងឆ្ងាយ ។ បើចង់ធ្វើដំណើរផ្លូវជិតត្រូវធ្វើដំណើរកាត់វាលស្រែគឺបានតែនៅរដូវប្រាំងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការលំបាក របស់បងប្អូន អាជ្ញាធរភូមិ ឃុំ បានរៀចំក្រុមការងារ ចុះបើកការដ្ឋានធ្វើផ្លូវមួយខ្សែ ប្រវែង បីពាន់ ប្រាំពីរយម៉ែត្រ តាមគន្លងផ្លូវចាស់កាត់វាលស្រែ ដោយភ្ជាប់ពីភូមិព្រីងកោង និងភូមិខ្ចាស់ ក្នុងឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។

លោកមេឃុំបុស្បូវ បានឲ្យដឹងទៀតថា ផ្លូវលំកំពុងធ្វើនេះមានកំពស់ផុតពីទឹជំនន់ មានទទឹង ប្រវែង ៦ម៉ែត្រ និងបណ្ដោយ ប្រវែង ៣ពាន់ ៧០០ម៉ែត្រ ដោយយើងបានដឹងពីជម្រៅទឹកនៅតំបន់នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅជិតឆ្ងាយ ឬប្រជាកសិករក្នុងការដឹកភោផល និងការដឹកទំនិញផ្សេងៗ ទៅកាន់ទីផ្សារ បានទាន់ពេលវេលា។

ផ្លូវមួយខ្សែនេះក៏មានការចូលរួមចំណែកជួយកសាងផងដែរពីលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលតែងតែឧបត្ថម្ភ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងនាមលោកជំទាវ ជាក្រុមការងារ ចុះជួយពលរដ្ឋខេត្តបន្ទាយមានជ័យ៕
ដោយ គៀន ច័ន្ទហ៊ីន

ads banner