អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋធ្វើការដាំដុះបន្លែបង្ការដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។

ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ឯកឧត្តម បានលើកឡើងបែបនេះគ្រាដែលដឹកនាំក្រុមការងារចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍អមលាំងស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីពេលកន្លងទៅ។

ឯកឧត្តម វ៉ី សំណាង បានបន្តថា រាជរដ្ឋាភិបាលក៏ដូចក្រសួងកសិកម្មរួមទាំងរដ្ឋបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តបងប្អូនប្រជាកសិករឱ្យពង្រីកការចិញ្ចឹមសត្វ ធ្វើស្រែនិងដាំដំណាំផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ពិសេសទទួលបានប្រាក់ចំណូលបន្ថែមទៀត ។

សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើមិចឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី។

លោក សួង វេង ប្រធានសហគមន៍ផ្សារបន្លែអមលាំងបានលើកឡើងថា លោកក៏ដូចសមាជិកសហគមន៍បានធ្វើការដាំដុះបន្លែសុវត្ថិភាពរយៈពេលបីឆ្នាំមកហើយ។ជីវភាពគ្រួសារនិងការសិក្សារបស់កូនៗមួយផ្នែកធំបានពឹងផ្អែកទៅលើការដាំដុះនេះ។

លោកថា បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះសហគមន៍របស់លោកសឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបានក្រៅតែពីលក់ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំទៅផ្គត់ផ្គង់ទីផ្សារនៅឯរាជធានីភ្នំពេញពិសេសនៅតាមផ្សារទំនើបនានា ៕ ម៉ុន សំអាត

ads banner