ពិធីដាំកូនឈើរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា

សៀមរាប ៖ ក្រសួងបរិស្ថាន បានរៀបចំពិធីដាំកូនឈើរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប។

លោកជំទាវ ឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា ជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថាអាស៊ាន ។ នៅក្នុងកិច្ចសហប្រតិបត្តិទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំនាក់ទំងគ្នាយ៉ាងល្អប្រសើរ ទាំងវិស័យការទូត វិស័យអប់រំ វប្បធម៌ ជាមួយគ្នា ជាពិសេសយើងមានទំនាក់ទំនង តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគត។ លោកជំទាវ សង្ឃឹមថា ចំនងទំនាក់ទំនងការទូតរវាងប្រទសទាំង២ កាន់តែរឹងមាំ និងយូរអង្វែងតទៅ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព ក្នុងនាម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានសម្តែងនូវការ អបអរសាទរ និងសូមវាយតម្លៃខ្ពស់ចំពោះ ចំពោះគ្រប់ផ្នែកទាំងអស់ ដែលបានរៀបចំពិធីនេះឡើង ដើម្បីរំលឹកខួបលើកទី៧០ នៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរគឺព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ឥណ្ឌា ។

ពិធីដាំកូនឈើដែលកំពុងប្រារព្ធឡើងនៅ ពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតសម្រាប់ប្រារព្ធទិវាខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ របស់ប្រទេស ទាំងពីរ កម្ពុជា-ឥណ្ឌា និង បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងវិស័យឯកជនឱ្យចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេស ដើមរំដួល ជាឈើ មួយប្រភេទ តំណាង ប្រទេសកម្ពុជា ដើម្បីប្រែក្លាយទីនេះ ឱ្យរឹតតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជួយបង្កើនសោភ័ណ្ឌភាព និងទស្សនីយភាពតាមដងផ្លូវឱ្យកាន់តែមានភាពស្រស់ស្អាត និងជំរុញការអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសម្បូរបែប និងតម្លៃធនធានជីវៈចម្រុះ សំដៅជំរុញដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការការពារ អភិរក្ស និងដាំដើមឈើឡើងវិញ។

ឯកឧត្តរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ការចូលរួម ដ៏ច្រើនកុះករ និងក្លៀវក្លាក្នុងការដាំដើមឈើ គឺជាការបន្តនូវវប្បធម៌ប្រពៃណីដ៏ល្អ ដែលមានតាំងពីយូរលុងណាស់មកហើយ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ ដែលត្រូវបានមនុស្សគ្រប់មជ្ឈដ្ឋានគាំទ្រ អបអរសាទរ និងចាត់ទុកជាកាតព្វកិច្ចដ៏សំខាន់។ ជាមួយគ្នានេះ សាធារណជន នឹងយកចិត្តទុកដាក់ និងជំរុញការដាំឈើគ្រប់ប្រភេទឱ្យច្រើនជាអតិបរិមានៅតាមទីវត្តអារាម តាមភូមិដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងនេះឱ្យដុះលូតលាស់ឡើងជាប្រយោជន៍ដល់មនុស្សជាតិលើពិភពលោករាប់ជំនាន់ក្រោយៗទៀត។សកម្មភាពបៅថ្ងៃនេះ បានសបញ្ជាក់ឱ្យឃើញពីការស្រលាញ់ និងការចូលរួមថែរក្សាការពារធនធានធម្មជាតិតាមរយៈការដាំកូនឈើក្នុងជាពិសេស ពិធីដាំកូនឈើនាពេលនេះក៏ជាអនុស្សាវរីយដ៏ល្អ និងជាប្រវតិ្តសាស្រ្តសម្រាប់ចំណងការទូតរវាងប្រទេសទាំងពីរគឺ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner