មនុស្សជាង១ ៧០០នាក់បានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖​ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួនជាង១ ៧០០នាក់។តួលេខនេះបើធៀបនឹងឆ្នាំ២០២១បានកើនឡើង ១៤ភាគរយ។ក្នុងនោះបានអាជ្ញាធរមានសមត្ថកិច្ចបានបញ្ជូនជនល្មើស បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួនជាង ៣០០នាក់។

របាយការណ៍នេះត្រូវបានបង្ហាញឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២និងលើកទិសដៅការងារ ឆ្នាំ២០២៣ ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នៅថ្ងៃទី៣០ ខែមករាឆ្នាំ ២០២៣។

នាឱកាសនោះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) លោកជំទាវ មឹន មាណវី បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកឆ្នាំ២០២២ កើតឡើងចំនួន ២ ៩៧៦លើក បណ្តាលឱ្យស្លាប់មនុស្ស ចំនួន ១ ៧០៩នាក់ ព្រមទាំងបញ្ជូនជនល្មើស ទៅតុលាការចំនួន ៣១៦នាក់ ។
លោកជំទាវបានបញ្ជាក់ថា៖«គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បាន កើតឡើងចំនួន ២ ៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៧០៩នាក់ និង របួសចំនួន ៤ ០២៦នាក់ ក្នុងនោះ មានអ្នករបួសធ្ងន់ចំនួន ២ ៥៧៩នាក់»។ប៉ូលីសបានបញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១ ០២៧ ករណី បានដោះស្រាយចំនួន ១២១ករណី កំពុងអង្កេតចំនួន ៦៦៤ករណី ខណៈសមត្ថកិច្ចបានបញ្ជូនជនល្មើសទៅតុលាការចំនួន ៣១៦នាក់។
ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ខាងលើលោកជំទាវបានសង្កត់ធ្ងន់ថា អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧នាក់ និងខេត្តកំពង់ចាមចំនួន ១៣១នាក់។ ចំពោះមូលហេតុចម្បង ដែលបានបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរដោយលើស ល្បឿន កំណត់៣៩ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១១ ភាគរយ វ៉ាជែង១០ភាគរយ បត់៩ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្ត ៣ ភាគរយ និងងងុយ១ភាគរយ។

ក្នុងចំណោមជនរងគ្រោះជិះម៉ូតូសរុបជាងបួនពាន់នាក់, ជនរងគ្រោះមិន ពាក់ មួកសុវត្ថិភាពជាងបីពាន់នាក់ ដែលភាគច្រើនមិនពាក់នៅពេលយប់។
ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនេះដែរ លោក គង់ សុវណ្ណ ទីប្រឹក្សាយុទ្ធសាស្រ្តនៃសុវត្ថិភាពចរាចរណ៍ បានលើកឡើងថា បញ្ហាកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតឡើងដោយសារ មនុស្ស មានការធ្វេសប្រហែស ប្រញាប់ មិនអធ្យាស្រ័យនៅក្នុងការបើកបរ។ ហេតុនេះដើម្បីកាត់បន្ថយបញ្ហានេះ រាល់អ្នកបើកបរទាំងអស់ត្រូវតែ ប្រកាន់ គោលជំហរមួយថា ដោយគិតពីសុវត្ថិភាពរបស់ខ្លួន និងអ្នកដទៃជាចម្បង់។
លោកបានបន្តថា៖ «សូមកុំឱ្យអ្នកបើកបរទាំងអស់ បើកបរក្នុងឥទ្ធិពលគ្រឿង ស្រវឹង ព្រោះកាលណាបើកបរក្នុងគ្រឿងស្រវឹងនេះ នឹងធ្វើឱ្យវិញ្ញាណទាំងប្រាំ របស់គាត់លែងគ្រប់គ្រងបានទៀតហើយ ព្រោះទូទៅបើកបរក្នុងលឿន ល្បឿន បាត់បង់ម្ចាស់ការ លែងដឹងខុសត្រូវ ដែលជាហានិភ័យខ្ពស់ ធ្វើឱ្យ ទំហំនៃគ្រោះថ្នាក់ចរចរណ៍កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ»។

ឆ្លៀតក្នុងឱកាសនេះ លោក សុវណ្ណ ចង់ឱ្យគ្រប់គ្នាត្រូវរួមគ្នាបន្តទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ដោយមិនបន្ធូរដៃ ពិសេសស្នើសុំឱ្យមន្រ្តីសមត្ថកិច្ច ដែលអនុវត្តន៍ច្បាប់ទាំងអស់ បើមិនពិន័យ ក៏គួរតែដាក់គោលដៅរឹតបន្តឹង ច្បាប់ឱ្យបានច្រើនកន្លែងនៅតំបន់ទីប្រជុំ ដើម្បីអប់រំ និងឱ្យអ្នកដែលតែង បើកបរល្មើសច្បាប់ខ្លាចរអារ ហើយងាកមកចូលរួមអនុវត្តន៍ច្បាប់ ចរាចរណ៍ ឱ្យកាន់តែមានប្រសិទ្ធិភាពឡើងវិញ។
គួរបញ្ជាក់ដែរថា នៅក្នុងពិធីបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ អគ្គលេខាធិកា រដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងដែរថា ប្រតិបត្តិការត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកតាម ប្រចាំឆ្នាំ២០២២ ទទួលបានលទ្ធផលដូចជា៖ បានត្រួតពិនិត្យយានយន្តសរុបចំនួនជាងមួយលានគ្រឿង រកឃើញ យានយន្ត ល្មើស និងពិន័យជាង ១៤ម៉ឺនគ្រឿង, ពិន័យបានថវិកា ១២ ៤៥៤លានរៀល ។
ដោយឡែកនៅក្នុងដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណ បើកបរ ដោយឧបករណ៍បច្ចេកទេស គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុបចំនួនជាង ៨ ៥០០នាក់ (ស្រី ៤៨៩នាក់)៕
ដោយ៖ សែម ពិសី

ads banner