រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ ឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សមិទ្ធផលសំខាន់ៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងរយៈពេលកន្លងទៅ ក្នុងនោះ សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ សម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨ ប៊ីលានដុល្លារអាមេរិក គឺកើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារអាមេរិក គឺមានការកើនទ្បើង ៤%។

ការលើកឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តី រម្លឹកថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា និងពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយបញ្ហាជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន ហើយដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមរយៈការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមច្រកទីផ្សារដែលត្រូវបានធ្វើពិពិធកម្ម សំដៅជំរុញកំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជានៅតែអាចរក្សាបាននូវការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងជ្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដោយការនាំចេញនៅតែមានកំណើន ដោយសារតែការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រនានា និងវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយដល់សហគ្រាសធុនតូចនិងមធ្យម រក្សាស្ថិរភាពផលិតកម្ម, ប្រតិបត្តិការធុរកិច្ច និងការវិនិយោគ ក៏ដូចជារក្សាបាននូវការងារជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី។

ចំពោះការនាំចេញទំនិញពីកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ពោលគឺមានការកើនឡើងប្រមាណ ៩.១% ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ផងដែរ។ តាមរយៈទិសដៅការងារពាណិជ្ជកម្មដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ក្រសួងបានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានា ដូចដែលបានលើកឡើងពីខាងដើម ធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគ កម្ពុជាកាន់តែទូលំទូលាយ។ ជាងនេះទៅទៀត ការការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ព្រមទាំងការបង្ក្រាបការក្លែងបន្លំនូវផលិតផលជាទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់និងប្រកបដោយស្មារតីទទួលខុសត្រូវបំផុត៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner