ពិធីផ្សព្វផ្សាយ អនុសំវចរមហាសន្និបាតមន្រ្តីសង្ឃខេត្ត បន្ទាយមានជ័យ លេីកទី៣០
បន្ទាយមានជ័យ៖ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្តបានបើកនៅពិធីផ្សព្វផ្សាយអនុសំវច្ចរៈមហាសន្និបាត បានមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទីសាមសិប បានប្រារព្ធធ្វើឡើងនៅបរិវេណវត្តគិរីចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណនាថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត មានប្រសាសន៍ថាតាមរយៈនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ពិសេសការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ថិរភាពនយោបាយ ការគោរពសិទ្ធមនុស្ស និងការវិវឌ្ឍទៅមុខឥតឈប់ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងសេរីភាពខាងជំនឿសាសនា ត្រូវបានលើកតម្កើងផងដែរ ក្នុងនោះរួមមានព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា គ្រិស្តសាសនានិងសាសនាដទៃទៀត ដែលបានកំពុងប្រតិបត្តិការដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។
លោកបានបន្តថា អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣០នេះ នឹងពិនិត្យពិចារណាពិភាក្សារិះរកយុទ្ធវិធីថ្មីៗ ដើម្បីឲ្យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត ដូចជាការផ្សព្វផ្សាយគោលការណ៍គ្រឹះព្រះធម៌ព្រះពុទ្ធសាសនា សីលសមាធិ និងបញ្ញាអប់រំមហាជនប្រជាជនឲ្យយល់ដឹង និងជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ វាចាកអំពើអបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព ។ ដូចគាថា លោក ពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីសុខស្ងប់នោះឡើយ។
លោក យឹម សំណាង អភិបាលរងខេត្ត មានប្រសាសន៍កោតសរសើរ ព្រះសង្ឃ អាចារ្យ គណៈកម្មការ សីលវន្ត សីលវតី ពុទ្ធបរិស័ទដែលបានខិតខំប្រតិបត្តិខ្លួន និងជួយអប់រំដល់ពុទ្ធបរិស័ទតាមលំអាន ពុទ្ធវចនៈ ដែលមានព្រះត្រៃបិដកជាគោល ជម្រះចោលនូវសេចក្ដី ហ្មងសៅទាំងឡាយទាំងពួងតាមគន្លងព្រះធម៌ការប្រមូលផ្ដុំជាកម្លាំងការពារថែរក្សាសន្តិភាព ភាពសាមគ្គីភាពជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង ។
ម្យ៉ាងវិញទៀតសូម អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថាការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនារបស់រដ្ឋនិងបង្កលក្ខណៈងាយស្រួលដល់ សកម្មភាពនៃសាសនាផ្សេងផ្សេងទៀតដោយផ្អែក មូលដ្ឋានចៀសវាងការរើសអើងការបែងចែក ភាពខុសគ្នាខាងជំនឿសាសនា ៕
ដោយ៖ ឃិន គន្ធា