ប្រធានាធិបតីតួកគីថា អាចទទួលយកហ្វាំងឡង់ឱ្យចូលណាតូ ប៉ុន្តែបិទ ផ្លូវស៊ុយអែត

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក រ៉េហ្ស៊ីប អ៊ែរដូហ្គាន់ បានផ្ដល់សញ្ញាថា ក្រុងអង់ការ៉ាអាចទទួលយកប្រទេសហ្វាំងឡង់ឱ្យចូលជាសមាជិកអង្គការណាតូ ខណៈបិទផ្លូវស៊ុយអែតក្រោមភាពតានតឹងចុងក្រោយ។

លោក អ៊ែរដូហ្គាន់ បានផ្ដល់សញ្ញាបែបនេះតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី តួកគីបានផ្អាកកិច្ចពិភាក្សាស្តីពីការចូលជាសមាជិករបស់អង្គការណាតូរបស់ប្រទេសទាំងពីរ ក្រោយមានការតវ៉ាក្បែរស្ថានទូតតួកគីក្នុងទី ក្រុងស្តុកខុលម៍ (ស៊ុយអែត) ដោយអ្នកនយោបាយស្ដាំនិយមម្នាក់ដុតច្បាប់ចម្លងគម្ពីកូអាន របស់សាសនាអ៊ីស្លាម។

លោក អ៊ែរដូហ្គាន់ ថ្លែងក្នុងសុន្ទរកថា ដែលចាក់ផ្សាយតាមទូរទស្សន៍ កាល ពីថ្ងៃអាទិត្យថា៖ «យើងអាចផ្តល់សារផ្សេងសម្រាប់ហ្វាំងឡង់ [ចំពោះពាក្យ ស្នើសុំចូលណាតូរបស់ពួកគេ] ហើយស៊ុយអែតនឹងភ្ញាក់ផ្អើលនៅពេល ពួក គេឃើញសាររបស់យើង។ ប៉ុន្តែហ្វាំងឡង់ មិនគួរមានកំហុសដូចគ្នា ដែល ស៊ុយអែតបានធ្វើនោះទេ»។

គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានបោះចោលជំហរអព្យាក្រឹត របស់ខ្លួន ហើយដាក់ពាក្យស្នើសុំចូលជាសមាជិកណាតូកាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែន។

ទន្ទឹមប្រទេសទាំងពីរអាចក្លាយជាសមាជិកពេញសិទ្ធិបានលុះត្រាតែមានការព្រមព្រៀងពីគ្រប់សមាជិក ខណៈមានតែប្រទេសតួកគី និងហុងគ្រី ប៉ុណ្ណោះ ដែលមិនទាន់ធ្វើដូច្នេះ។ ទំនាស់ជាមួយតួកគីរងភាពតានតឹងកាន់តែខ្លាំង សភាហុងគ្រីត្រូវបានគេរំពឹងថានឹងអនុម័តការសម្រេចចិត្តនៅខែកុម្ភៈនេះ។
កន្លងមក តួកគីប្រកាន់ជំហរទទួលយកស៊ុយអែតឱ្យចូលណាតូ លុះត្រា តែប្រទេសនេះធ្វើបត្យាប័នមនុស្សរាប់សិបនាក់ ដែលទីក្រុងអង់ការ៉ា ចាត់ ទុកថាមានទំនាក់ទំនងជាមួយគណបក្សពលករកួដ(PKK) ជាក្រុម ដែល តួកគីដាក់ចូលក្នុងបញ្ជីអង្គការភេរវកម្ម ហើយស្ថិតនៅពីក្រោយការ ប៉ុនប៉ង ធ្វើរដ្ឋប្រហារឆ្នាំ ២០១៦។

ក្នុងសុន្ទរកថានៃថ្ងៃអាទិត្យដដែល លោក អ៊ែរដូហ្គាន់ ដែលត្រៀមខ្លួន សម្រាប់ ការ បោះឆ្នោតនៅខែឧសភាខាងមុខ បានទាមទារជាថ្មីម្តងទៀតឱ្យស៊ុយអែត ប្រគល់ជនសង្ស័យដែលរងការចោទប្រកាន់ចំនួន ១២០ នាក់។

លោកថ្លែងថា៖ «ប្រសិនបើអ្នកពិតជាចង់ចូលរួមជាមួយអង្គការណាតូ ពិតមែន អ្នកនឹងប្រគល់ភេរវករទាំងនេះមកពួកយើង។ អ្នកនឹងបញ្ជូនភេរវជន ទាំងនេះមកយើង ដើម្បីអាចចូលរួមជាមួយណាតូ»។

ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បានថ្លែងថា ប្រទេសរបស់លោក ចង់ចាប់ផ្តើមកិច្ចសន្ទនាចូលអង្គការ ណាតូជាមួយតួកគីឡើងវិញ។ ប៉ុន្តែទន្ទឹមនឹងនោះ កាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការបរទេសតួកគីបានចេញសេចក្ដីព្រមានអំពីការធ្វើដំណើរសម្រាប់បណ្តាប្រទេសនៅអឺរ៉ុបនានា ជុំវិញបាតុកម្មប្រឆាំងតួកគី និងអ្វីដែលខ្លួន ពណ៌នាថាជា «ការប្រឆាំងនឹងសាសនាអ៊ិស្លាម»។ សេចក្ដីព្រមាននោះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសតួកគីដដែលលើកឡើងថា វាគ្មាន ន័យនោះទេក្នុងការចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញ។

គួររំឭកផងដែរថា ក្រោយបាតុកម្មប្រឆាំងតួកគី និងដុតគម្ពីរកូអាន នៅ ទីក្រុងស្តុកខុលម៍ លោក អែរដូហ្គាន់ បានព្រមានកាលពីដើម សប្ដាហ៍ មុនផងដែរថា ស៊ុយអែតមិនបាច់រំពឹងឱ្យក្រុងអង់ការ៉ា គាំទ្រខ្លួនដើម្បី ក្លាយជាសមាជិកអង្គការណាតូនោះទេ។

គួរបញ្ជាក់ថា ក្រុមគាំទ្រឃឺដបានគ្រវីទង់ជាតិរបស់ PKK និងក្រុមមាន ទំនាក់ទំនងជាមួយគ្នាផ្សេងទៀត ក្នុងអំឡុងពេលការតវ៉ានៅក្នុង ប្រទេស ស៊ុយអែត ដែលរៀបចំឡើងដើម្បីជាការឆ្លើយតបទៅនឹងកា រសន្យារបស់ ស៊ុយអែត និងហ្វាំងឡង់ ក្នុងការទប់ស្កាត់សកម្មភាព PKK ក្នុង ប្រទេសទាំងពីរ ដើម្បីបំពេញតាមការទាមទាររបស់តួកគី ជាថ្នូរមួយ ដើម្បី ចូលរួមជាមួយណាតូ។

ស៊ុយអែតបានថ្កោលទោសនឹងសកម្មភាពក្នុងបាតុកម្មនោះ ប៉ុន្តែបាន និយាយការពារពីសិទ្ធិសេរីភាពបញ្ចេញមតិក្នុងប្រទេសរបស់ខ្លួន។

បញ្ហាចុងក្រោយ ក្រោមជំហររបស់តួកគីនេះ ធ្វើឱ្យមានការជជែកដេញដោល ថាតើហ្វាំងឡង់អាចនឹងចូលណាតូមុនពេលស៊ុយអែត ឬយ៉ាងណា?៕
ដោយ៖ហួន ឌីណា
ប្រភព៖ Erdogan says Turkey may accept Finland in NATO, but block Sweden

ads banner