ជប៉ុន និងណាតូ សន្យាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការគំរាម កំហែង របស់ចិន និងរុស្ស៊ី

តូក្យូ៖ ជប៉ុន និងណាតូ សន្យាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការគំរាម កំហែង របស់ចិន និងរុស្ស៊ី។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានថ្លែងថា ប្រទេស ជប៉ុន និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថាអង្គការណាតូ ត្រូវតែរក្សាការរួបរួមគ្នាយ៉ាងរឹងមាំ ក្នុងការប្រឈមមុខនឹងការគំរាមកំហែង ផ្នែក សន្តិសុខ បង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។

អគ្គលេខាធិការនៃសម្ព័ន្ធភាពយោធាអឺរ៉ុប និងសហរដ្ឋអាមេរិករូបនេះបាន ព្រមានថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់ទៅលើការវិវត្ត ស្ថានការណ៍នៅអ៊ុយក្រែន និងរៀនសូត្រពីបរិបទប្រែប្រួលក្នុងសង្គ្រាមមួយ នេះ ដើម្បីរៀនសូត្រ និងជាការត្រៀមក្នុងការសម្រេចចិត្តនាពេលអនាគត របស់ខ្លួនឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថា ការថ្លែងបែបនេះ បានធ្វើឡើង អំឡុងពេលលោកមានជំនួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ អាស៊ី ក្នុងគោលបំណងជំរុញ និងរឹតចំណងទំនាក់ទំនងជាមួយសម្ព័ន្ធ មិត្ត ប្រជាធិបតេយ្យបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា «អ្វីដែលកំពុងកើតឡើងនៅអឺរ៉ុបថ្ងៃនេះ ក៏ អាចនឹងកើតឡើងនៅអាស៊ីបូព៌ានៅថ្ងៃស្អែក។ ដូច្នេះយើងត្រូវរក្សា ការរួប រួមគ្នាជាធ្លុងមួយដ៏រឹងមាំ ដោយឈរជាមួយគ្នាដើម្បីសេរីភាព និងលទ្ធិ ប្រជាធិបតេយ្យ»។ អគ្គលេខាធិការ និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានលើក ឡើងអំពីការព្រួយបារម្ភដោយសារការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីកាន់តែបន្តវិវត្តទៅមុខជាដរាប។ មេដឹកនាំទាំងពីរនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «យើង ចង់គូសបញ្ជាក់ឱ្យឃើញពីការព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងយ៉ាងខ្លាំង រវាងប្រទេសរុស្ស៊ីជាមួយប្រទេសចិន ដូចជា ការប្រតិបត្តិការរួមគ្នា ក៏ដូចជាសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់ជុំវិញ ប្រទេសជប៉ុន»។

គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុនដែលលោក Stoltenberg ដែលកំពុង ស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យកូរ៉េខាងត្បូង បង្កើនការ គាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែនដែលត្រូវបាន ឈ្លាន ពាន ដោយប្រទេសរុស្ស៊ីចាប់តាំងពីដើមឆ្នាំ២០២២មក។ ដោយឡែក សម្រាប់ថ្ងៃ អង្គារ នេះដែលលោកកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនវិញ លោក បានសរសើរនូវគោលជំហរដ៏រឹងមាំ និងការគាំទ្រផ្នែកផ្សេងៗជាច្រើនដែល ជប៉ុន បានផ្តល់ជូនដល់អ៊ុយក្រែន។

គួរដឹងដែរថា រដ្ឋាភិបាលទីក្រុងតូក្យូបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដោយ ចូលរួមជាមួយនឹងដៃគូក្នុងក្រមខ័ណ្ឌប្រទេសអភិវឌ្ឍន៍ទាំង ៧ ឬហៅកាត់ថា G7 ហើយក៏បានចាត់វិធានការបញ្ជូនឧបករណ៍ការពារក្នុងសង្គ្រាមជាច្រើន និងផ្តល់កន្លែងជ្រកកោនដល់អ្នកដែលបានភៀសខ្លួនចេញពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

បន្ថែមលើនេះ លោក Stoltenberg បានលើកឡើងថា លោកនិងលោក គីស៊ីដា បានចែករំលែកអំពីក្តីបារម្ភចំពោះអាកប្បកិរិយាដ៏គឃ្លើនរបស់ កូរ៉េខាងជើង រាប់ចាប់តាំងពីសកម្មភាពនុយក្លេអ៊ែរ រហូតដល់ការសាកល្បង មីស៊ីលផ្លោង។ មិនត្រឹមតែប៉ុណ្ណោះ លោកបានឱ្យដឹងថា ប្រទេសចិនមិនមែន ជាសត្រូវទេ ប៉ុន្តែលោកបានព្រមានអំពីការកើនឡើងនូវវត្តមានយោធាចិន នៅក្នុងតំបន់អាស៊ី រួមទាំងវត្តមានអាវុធនុយក្លេអ៊ែរ ការធ្វើទុក្ខបុកម្នេញទៅលើ ប្រទេសជិតខាងរបស់ខ្លួនដោយការគំរាមកំហែងកោះតៃវ៉ាន់ ក៏ដូចជាការ ផ្សព្វផ្សាយ ព័ត៌មានមិនពិតអំពីអង្គការណាតូ និងប្រទេសអ៊ុយក្រែន។

រីឯលោកនាយករដ្ឋមន្ត្រី គីស៊ីដា វិញបានលើកឡើងថា ប្រទេសជប៉ុននឹង បង្កើតការិយាល័យតំណាងឯករាជ្យមួយសម្រាប់ការសហការដោះស្រាយជាមួយអង្គការណាតូ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ ទំនងរវាង ភាគីទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។ លោកបានបន្ថែមថា ជប៉ុនក៏នឹងពិចារណាផងដែរអំពីការចូលរួមឱ្យបានទៀងទាត់នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធភាពមួយនេះ។

គួររម្លឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសជប៉ុនបានប្រកាសពីការ កើនឡើងអស្ថិរភាពក្នុងតំបន់ ដែលនាំទៅរកការផ្លាស់ប្ដូរគោលនយោបាយ ក្នុង យុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខរបស់ខ្លួន ដើម្បីត្រៀមជាស្រេច ក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។

យុទ្ធសាស្ត្រការពារជាតិថ្មីនោះគឺ ផែនការបង្កើនការចំណាយថវិកាលើវិស័យ ការពារជាតិរហូតដល់ទៅ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប រហូត ដល់ឆ្នាំ២០២៧ ដែលការធ្វើបែបនេះ ជំរុញឱ្យប្រទេសជប៉ុនហាក់ កំពុង ដើរស្របតាមគោលការណ៍ណែនាំរបស់សមាជិកអង្គការណាតូ។

ដោយ៖ ធា សុណា
ប្រភព៖ https://www.channelnewsasia.com/world/japan-nato-pledge-firm-response-china-russia-threats-3243976

ads banner