កម្ពុជារៀបចំពិធីបុណ្យទន្លេសាឡើងវិញ ក្រោយការផ្អាក២ឆ្នាំ (Video Inside)

កម្ពុជាបានរៀបចំធ្វើពិធីបុណ្យទន្លេសាជាថ្មីឡើងវិញ ក្រោយការអាក់ខានប្រមាណ២ឆ្នាំមកនេះ ដោយសារតែវិបត្តិជម្ងឺឆ្លងកូវីដ១៩។ បុណ្យទន្លេលើកទី៧ រវាងពីថ្ងៃទី៨ដល់ ១០មីនាឆ្នាំ ២០២៣ នឹងគ្រោងធ្វើនៅក្នុងខេត្តកំពង់ធំ។

កម្ពុជាបានធ្វើបុណ្យទន្លេចំនួន៦លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៥ ក្នុងនោះពិធីបុណ្យទន្លេដំបូងក្នុងឆ្នាំ២០១៥បានធ្វើនៅក្នុងទីរួមខេត្តក្រចេះ, លើកទី២ក្នុងឆ្នាំ២០១៦ ធ្វើនៅកំពង់ចាម-ត្បូងឃ្មុំ…លើកទី៣នៅខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០១៧, លើកទី៤នៅក្នុងក្រុងតាខ្មៅក្នុងឆ្នាំ ២០១៨, លើកទី៥ក្នុងក្រុងកំពង់ឆ្នាំង ក្នុងឆ្នាំ ២០១៩ និងលើកទី៦ក្នុងឆ្នាំ២០២០ នៅក្នុងខេត្តបាត់ដំបង។ កម្ពុជាបានផ្អាកធ្វើបុណ្យទន្លេ រយៈពេល២ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែការបង្កាការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នារសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ពិធីបុណ្យទន្លេលើកទី៧ខាងមុននេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

លោកបានបញ្ជាក់ថាពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើង នៅខេត្តកំពង់ធំនោះ គឺផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ពីធីបុណ្យទន្លេលើកទី៧រវាងពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នឹងស្ថិតក្រោមប្រធានបទ ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំ។

ads banner