លោក គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

ភ្នំពេញ៖ លោក គង់ គាំ បានប្រកាសជាផ្លូវការនូវសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនចាប់ពីពេលនេះតទៅ។ នេះបើយោងតាមលិខិតរបស់លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

នៅក្នុងលិខិតរបស់លោក គង់ គាំ បានបញ្ជាក់ថា “ខ្ញុំបាទ គង់ គាំ និងគណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចការរួបរួម គឺដើម្បីគោលដៅ អនុវត្តវប្បធម៌នយោបាយថ្មី និងដើម្បីចូលរួមកសាងលំហប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិនយោបាយ បរិយាកាសបោះ ឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ (គ្មានវត្តមានក្រុមជ្រុលនិយមផ្តួល រំលំក្រៅសំឡេងឆ្នោតទៀតទេ)”។

លិខិតដែលបន្តថា ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែល យល់ឃើញថា កាយវិកា និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។

លិខិតដដែលបញ្ជាក់ថា ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និង បរិយាកាស ភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្ស ភ្លើងទៀន ចាប់ពីពេលនេះតទៅ៕
ដោយ៖ពលជ័យ

ads banner