លោក គង់ គាំ គោរពថ្លែងអំណរគុណចំពោះទឹកចិត្តសន្ដោសរបស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនបានគោរពថ្លែងនូវអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវការសន្ដោសចំពោះរូបលោក និងក្រុមគ្រួសាររបស់លោកក្នុងការមិនប្តឹងផ្តល់ក្នុងករណីដីធ្លីផ្ទះសម្បែង។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់លោកជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣១ ខែមករា។

លិខិតខាងលើបានរៀបរាប់ ខ្ញុំបាទ គង់ គាំ និងភរិយា សូមគោរពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

តាមរយៈ គង់ បូរ៉ា សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជាថ្ងៃ២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន(ថ្នាក់ដឹកនាំ ទាំងអស់)គណបក្សប្រជាជនកម្ពុជាបានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់ឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣) និងពីការយោគយល់ក្នុងរយៈកាលចាកចេញជាថ្នាក់ដឹកនាំគណបក្សប្រឆាំងឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣។ ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើសទាំងបង្ខំចិត្តដកហូតដីផ្ទះលេខ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។

លិខិតដដែលបានបញ្ជាក់ា ខ្ញុំបាទ គង់ គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្ដីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ។ លើសពីនេះ ខ្ញុំបាទ គង់ គាំ និងភរិយា រីករាយ និងដឹងគុណចំពោះសន្ដានចិត្ត រំឭក និងយកចិត្តទុកដាក់ សន្ដោសដល់កូន គង់ បូរ៉ា ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជាមធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ៕
ដោយ៖ពលជ័យ

ads banner