ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នបាក់ឌុប

ភ្នំពេញ៖ ក្រសួងចំនួន២គឺក្រសួងអប់រំយុវជននិងកីឡា និង ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍បានដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំនិងក្រសួងប្រៃសណីយ៍បានបញ្ជាក់ប្រាប់ដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ព្រមទាំងគណៈគ្រប់គ្រងនៃគ្រប់គ្រឹះស្ថានអប់រំសាធារណៈនិងឯកជន និងសាធារណជនថា រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា៖ការដាក់ឱ្យប្រើវិញ្ញាបនបត្រនេះ គឺជាការវិវឌ្ឍថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាជំហានថ្មីក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។

សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់តម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ https://www.verify.gov.kh/ ។

សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝ តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner