រុស្ស៊ីព្រមានអ៊ីស្រាអែល ពីការផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន
មូស្គូ៖ រុស្ស៊ីកាលពីថ្ងៃពុធ ទី១ ខែកុម្ភៈ បានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងថា លោកកំពុងពិចារណាជំនួយយោធាដល់ក្រុងកៀវ ហើយមានឆន្ទៈ ក្នុងការសម្រុះសម្រួលជម្លោះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា ៖ «យើងសូម និយាយ ថា ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាវុធ (ដល់អ៊ុយក្រែន) គួរតែយល់ថា យើងនឹងចាត់ទុកអាវុធទាំងនេះជាគោលដៅស្រប ច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី»។
ការវិវត្តចុងក្រោយរបស់អ៊ីស្រាអែលនាពេលនេះ គឺជាការគួរឱ្យកត់ សម្គាល់ដ៏សំខាន់មួយ ព្រោះថាចាប់តាំងពីរុស្ស៊ីចូលឈ្លានពាន អ៊ុយក្រែន នៅចុងខែកុម្ភៈឆ្នាំមុនមក អ៊ីស្រាអែលបានប្រកាន់ជំហរ អព្យាក្រឹតយ៉ាងប្រុងប្រយ័ត្នចំពោះទីក្រុងមូស្គូ ដោយមិនធ្វើតាម សម្ព័ន្ធ មិត្តលោកខាងលិច ដែលជញ្ជូនជំនួយសព្វាវុធទាំងធុន ស្រាល និងធ្ងន់ទៅឱ្យក្រុងកៀវ ដើម្បីប្រឆាំងនឹងទ័ពឈ្លានពាន រុស្ស៊ី។
អ៊ីស្រាអែលបានសង្កត់ធ្ងន់ជាពិសេសលើទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដោយសារអ៊ីស្រាអែលមានពលរដ្ឋជាងមួយលាន នាក់ មកពីប្រទេសអតីតសហភាពសូវៀត។
វិមានក្រឹមឡាំងបានព្រមានអំពីការកើនឡើងនៃភាពតានតឹងនៃជម្លោះដោយសារតែផ្គត់ផ្គង់អាវុធ ខណៈដៃគូលោកខាងលិចប្ដេជ្ញា បន្ថែមជំនួយ។ លោកស្រី Zakharova បានថ្លែងថា ការប៉ុនប៉ង ផ្គត់ផ្គង់អាវុធបន្ថែមក្នុងរូបភាពណាមួយក៏ដោយ ធ្វើឱ្យភាពតាន តឹងកើនឡើង «ហើយអ្នកគ្រប់គ្នាគួរតែដឹងអំពីរឿងនេះ»។
គួរបញ្ជាក់ផងដែរថា ការព្រមានដាក់អ៊ីស្រាអែលនាពេលនេះ ធ្វើឡើងបន្ទាប់ពី ក្រុងវ៉ាស៊ីនតោន និងបែរឡាំង បានសន្យាថា នឹងផ្គត់ផ្គង់ទីក្រុងកៀវជាមួយនឹងរថក្រោះទំនើបៗ ខណៈ អ៊ុយក្រែន នាពេលនេះកំពុងស្នើសុំយន្តហោះចម្បាំង និងកាំភ្លើង ធំរយៈចម្ងាយឆ្ងាយ បូករួមទាំងអាវុធទំនើបៗផ្សេងទៀត ឱ្យបាន ជាបន្ទាន់៕
ដោយ៖ហួន ឌីណា
ប្រភព៖ Moscow warns Israel against supplying arms to Ukraine