ការដាក់ចេញ នូវគោលនយោបាយលើកកម្ពស់វិស័យកសិកម្ម របស់គណបក្សប្រជាជននៅអាណត្តិទី៧ ធ្វើឲ្យប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ផ្តោតការសាទរ និងផ្តល់ការគាំទ្រយ៉ាងខ្លាំង

ខេត្តបាត់ដំបង ៖ ក្រោយពីបិទបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងចំណោមគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន លើវិស័យកសិកម្ម ដោយក្នុងនោះគណបក្សនឹងត្រៀមកញ្ចប់ថវិកា ដើម្បីជួយដល់ប្រជាកសិករនៅក្រោយពេលដែលខ្លួនឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ការប្រកាសផ្សព្វផ្សាយនូវគោលនយោបាយក្នុងការលើកកម្ពស់វិស័យកសិកម្ម របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ថ្លែងនូវការគាំទ្រ និងបានសម្តែងសេចក្ដីសប្បាយរីករាយ យ៉ាងខ្លាំង ចំពោះការប្រកាសដាក់ចេញនូវគោលនយោបាយថ្មីនេះ ដែលត្រៀមដាក់អ្នកជំនាញបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន និងដើម្បីជួយបណ្ដុះបណ្ដាល ផ្ដល់ការប្រឹក្សាជូនដល់ប្រជាកសិករ ស្របទៅតាមអ្វីដែលពួកគាត់ទន្ទឹងរង់ចាំនិងចង់ឃើញនូវការយកចិត្តទុកដាក់ដើម្បីជួយដល់ប្រជាកសិករទូទៅដែលពួកគាត់ចង់បានកន្លងមក ។

ព្រមជាមួយគ្នានេះដែរ បងប្អូនប្រជាកសិករដែលរស់នៅក្នុងសង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ថ្លែងដោយការរំពឹងទុក និងត្រេកអរយ៉ាងខ្លាំង ដោយបានលើកឡើងថា៖ពួកគាត់ពិតជាសប្បាយរីករាយណាស់តាមរយៈគោលនយោបាយថ្មីនេះ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែផ្សារភ្ជាប់នូវសុខទុក្ខនឹងការលំបាកជាមួយប្រជាពលរដ្ឋ ប្រជាកសិករគ្រប់គ្រាលំបាក និងកាន់តែធ្វើឱ្យជីវភាពរបស់ប្រជាកសិករ បានកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ចំពោះគោលនយោបាយថ្មីនេះ ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញគោលនយោបាយថ្មី ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនាពេលនេះ។ លោក បានលើកឡើងថា៖គោលនយោបាយថ្មីរបស់គណបក្សប្រជាជនកម្ពុជាសំរាប់អាណត្តិថ្មីខាងមុខនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ខិតសេវាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលកើតមានឡើងនៅក្នុងផលិតកម្មកសិកម្មកន្លងមករបស់ខ្លួន។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានគូសបញ្ជាក់ទៀតថា៖ កន្លងមកមន្រ្តីជំនាញនៃមន្ទីរបានរួមចំណែកដោះស្រាយបញ្ហានានាជូនបងប្អូនប្រជាកសិករដែលទាក់ទិនក្នុងការផ្ដល់សេវាកម្មបច្ចេកទេសចិញ្ចឹមសត្វវារីវប្បកម្ម ផលិតកម្មស្រូវ និងការដោះស្រាយនូវវិបត្តិទីផ្សារកសិផលធ្លាក់ចុះ។

សូមបញ្ជាក់ថា៖ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យកសិកម្មជាក់ស្ដែងក្នុងមួយឆ្នាំៗ ខេត្តបាត់ដំបង អាចផលិតស្រូវ-អង្ករ បានជាង១លានតោន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner