សម្ព័ន្ធមិត្តលោកខាងលិចសន្យាផ្តល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងប្រព័ន្ធមីស៊ីលឱ្យអ៊ុយក្រែន

កៀវ៖ សម្ព័ន្ធមិត្តលោកខាងលិចនៅថ្ងៃសុក្រសប្តាហ៍នេះបានសន្យាថា នឹងផ្តល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងប្រព័ន្ធមីស៊ីលដល់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវសុំជំនួយសព្វាវុធទំនើប ដើម្បីជួយរក្សាការគ្រប់គ្រងភាគខាងកើតនៃទីក្រុង Bakhmut ដែលកំពុងប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី។

លោក ហ្សេលេនស្គី បានប្រាប់កិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំសហភាពអឺរ៉ុបក្នុងទីក្រុងកៀវថា គ្មាននរណាម្នាក់នឹងចុះចាញ់ការប្រយុទ្ធនៅទីក្រុងBakhmut ឡើយ ហើយយើងនឹងប្រយុទ្ធតាមដែលយើងអាចធ្វើបាន។

លោកថា ប្រសិនបើការដឹកជញ្ជូនសព្វាវុធត្រូវបានពន្លឿន ពោលគឺអាវុធបាញ់រយៈចម្ងាយឆ្ងាយ… យើងនឹងមិនត្រឹមតែមិនដកខ្លួនចេញពីទីក្រុង Bakhmut នោះទេ… យើងនឹងចាប់ផ្តើមកម្ចាត់សត្រូវចេញពីតំបន់ដុនបាស់ ដោយគាត់ចង់សំដៅដល់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

ចំណែកសហរដ្ឋអាមេរិកក៏បានប្រកាសពីការផ្តល់កញ្ចប់សព្វាវុធ និងអាវុធថ្មីតម្លៃ ២.២ពាន់លានដុល្លារផងដែរ ដែលមន្ទីរបញ្ចកោណបាននិយាយថា រួមមានគ្រាប់រ៉ុក្កែតដ៏ទំនើបថ្មី ដែលអាចបង្កើនចម្ងាយវាយប្រហាររបស់អ៊ុយក្រែនជិតទ្វេដងប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ ដែលបានស្នើសុំសព្វាវុធនោះ បានបង្ហោះសារថ្លែងអំណរគុណដល់សម្ព័ន្ធមិត្ត ដោយនិយាយថា ពួកគេនឹងជួយយើងសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ ពីការវាយប្រហាររបស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner