រដ្ឋមន្ត្រី ក្រសួងកសិកម្ម កម្ពុជា បានស្នើឱ្យភាគីប៉ាគីស្ថាន ពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញបណ្តុះបណ្តាលភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្តម ឌិត ទីណា ក៏បានស្នើឱ្យភាគីប៉ាគីស្ថានពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញបណ្តុះបណ្តាលភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ។ ឯកឧត្តមរដ្ឋមន្ដ្រីឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដែលលើកឡើងអំពីតម្រូវការនៃផែនការការងារ (Framework) ដើម្បីជាផ្លូវដើរមួយច្បាស់លាស់ក្នុងការអនុវត្តការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ។
ក្រៅពីប្រធានបទទាំងពីរនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពនៃការនាំចូលជីកសិកម្មដែលមានគុណភាពនិងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថានមកកាន់ទីផ្សារកម្ពុជា។ ដ្បិតតែការនាំចូលជីពីប៉ាគីស្ថានចូលមកកម្ពុជាអាចធ្វើបានតាមយន្តការច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរយល់ស្របគ្នាថា មានតែការវិនិយោគរួមគ្នារវាងវិនិយោគិនទាំងពីរទេ ដែលជាយន្តការអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ៕ សេឌី