អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការត្រៀមចូលរួមការប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្តីពីការត្រៀមបញ្ជូនអត្តពលិក ទៅចូលរួមការប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅទីក្រុងWinnipeg ខេត្តManitoba ប្រទេសកាណាដា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កីឡាករ កីឡាការិនី ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ ដាច់ខាតត្រូវតែឆ្លងកាត់ការប្រកួតតេស្តសមត្ថភាពជាមុនសិន ទើបអាចទទួលបានឱកាសទៅចូលរួមក្នុងការប្រកួត។
ឯកឧត្តម គណៈអធិបតី បន្តថា ការប្រកួតតេស្តនេះ ធ្វើឡើងដើម្បីចម្រាញ់រកកីឡាករ កីឡាករិនី រូបណាដែលមានសមត្ថភាពលើប្រភេទកីឡាដែលមានសក្តានុពល ជាពិសេស ជាកីឡាករមានឆន្ទៈពិតប្រាកដ ដើម្បីទៅដណ្តើមមេដាយជូនជាតិមាតុភូមិ ត្បិតជោគជ័យរបស់អត្តពលិកទាំងអស់ គឺជាការលើកមុខមាត់ជាតិយើងនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡហោម ជាប្រមុខដឹកនាំប្រកបដោយគុណធម៌ ដែលសម្តេចតែងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែង ដល់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិជានិច្ច។
ឯកឧត្តម អគ្គលេខាធិការ បានជំរុញឱ្យប្រតិភូ និងគ្រូបង្វឹកតាមប្រភេទកីឡានីមួយៗរបស់ខ្លួន ត្រូវបង្កើនកិច្ចសហការលើការងារនេះឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យការជ្រើសរើសកីឡាករ និងកីឡាការិនី ទៅចូលរួមការប្រកួតទទួលបានលទ្ធផលល្អ។ ជាពិសេស ត្រូវមានការចាត់តាំងការងារឱ្យបានច្បាស់លាស់ពាក់ព័ន្ធការត្រៀមខ្លួនចូលរួម ដើម្បីឱ្យសមស្របទៅតាមលក្ខន្តិកៈ នៃការប្រកួតទៅតាមប្រភេទកីឡាដែលម្ចាស់ផ្ទះកាណាដាបានកំណត់។
សូមជម្រាបជូនថា ព្រឹត្តិការណ៍កីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games) នៅទីក្រុងWinnipeg ខេត្តManitoba ប្រទេសកាណាដា នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ជូនកីឡាចំនួន ១៣ប្រភេទ ឱ្យទៅចូលរួមមានដូចជា៖ កីឡាវាយសី, កាយវប្បកម្ម, ប្រណាំងទូកនាគ, ជឺជីតស៊ូ, យូដូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, ត្រីយ៉ាត្លុង, បាល់ទះក្នុងសាល, បាល់ទះលើឆ្នេរខ្សាច់, ចំបាប់កាច់ដៃ, និងកីឡាចំបាប់ ៕ ដោយ-រ៉ាវុធ