ការសិក្សាដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត បង្ហាញថា កម្ដៅផែនដីនឹងកើនលើស ១,៥ អង្សាសេនៅទសវត្សរ៍ក្រោយ
អាមេរិក៖ការសិក្សាថ្មីមួយដែលចេញផ្សាយកាលពីដើមសប្ដាហ៍មុន បានឱ្យ ដឹងថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅការកើនឡើងកម្ដៅដល់ កម្រិតព្រមានគ្រោះថ្នាក់ ដែលនឹងធ្វើឱ្យមានមហន្តរជាតិធម្មជាតិទាក់ទងនឹង អាកាស ធាតុធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យស្ទែនហ្វដ និងសាកលវិទ្យាល័យរដ្ឋ ខូឡូរ៉ាដូ បានធ្វើការសិក្សាដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI,អេអាយ) ដែលចងក្រងប្រព័ន្ធសំណុំទិន្នន័យដ៏ធំដើម្បីព្យាករពេលវេលានៃការឡើងកម្ដៅ ហើយរកឃើញថា កម្ដៅរបស់ភពផែនដីនឹងកើនលើស ១,៥ អង្សាសេ (ប្រើប្រៀបធៀបនឹងកម្រិតមុនសម័យបដិវត្តន៍ឧស្សាហកម្ម) នៅទសវត្សរ៍ ខាង មុខ។
ការសិក្សាចុងក្រោយនេះ ក៏បង្ហាញផងដែរថា នៅចន្លោះពីឆ្នាំ ២០៤៤-២០៦៥ ឱកាសដែលផែនដីឡើងកម្ដៅលើសពី ២ អង្សាសេ ដែលអ្នកវិទ្យាសាស្ត្រអន្តរជាតិកំណត់ថាជាចំណុចដ៏គ្រោះថ្នាក់សម្រាប់ពិភពលោកនោះ មានរហូតដល់ ៧០ ភាគរយ។ ការកើនឡើងនេះ កើតឡើង ទោះបីជាការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្លាក់ចុះក៏ដោយ។
នៅពេលនិយាយពីភាពត្រឹមត្រូវនៃការព្យាករណ៍នេះ ការសិក្សាចុងក្រោយ បានគូសបញ្ជាក់ថា អេអាយ បានវិភាគលើទិន្នន័យពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២១ ដោយលទ្ធផលបង្ហាញថា វាអាចផ្ទៀងផ្ទាត់ជាមួយកម្រិត កម្ដៅ របស់ភពផែនដីដែលកើនដល់ ១,១ អង្សាសេ ក្នុងឆ្នាំ ២០២២។
អ្នកវិទ្យាសាស្ត្រអាកាសធាតុនៃសាកលវិទ្យាល័យស្ទែនហ្វដ លោក Noah Diffenbaugh ដែលជាអ្នកស្រាវជ្រាវក្នុងការសិក្សាថ្មីនេះជាមួយអ្នក វិទ្យាសាស្ត្របរិយាកាស លោកស្រី Elizabeth Barnes បានថ្លែងថា៖ «យើងមានភស្តុតាងច្បាស់លាស់ណាស់ អំពីផលប៉ះពាល់លើប្រព័ន្ធ អេកូឡូស៊ីផ្សេងៗគ្នាពី ការកើនឡើងកម្ដៅ ១ អង្សាសេ ដែលផែនដី បានប្រឈមរួចហើយ»។ លោកបន្តថា៖ «ការសិក្សាថ្មីនេះបង្ហាញថា យើងប្រាកដជានឹងប្រឈមមុខនឹងការប្រែប្រួលជាបន្តបន្ទាប់នៃអាកាសធាតុ ដែលបង្កើនផលប៉ះពាល់ដែលយើងជួបប្រទះរួចស្រាប់ហើយ»។
គួររំឭកថា មិនថា ១,៥ ឬ ២ អង្សាសេ គឺជាកម្រិតស្តង់ដារនៃសីតុណ្ហភាព២ ដែលគេចាត់ទុកជាអន្តរជាតិជាចំណុចវិបត្តិ ក្រោមកិច្ចព្រមព្រៀងស្ដីពី អាកាស ធាតុក្រុងប៉ារីសរបស់អង្គការសហប្រជាជាតិ។
កិច្ចព្រមព្រៀងដែលមានប្រទេសជិត ២០០ បានចុះហត្ថលេខានេះ បាន សន្យាថានឹងរក្សាកម្ដៅរបស់ពិភពលោកសន្យាមិនឱ្យលើសពី ២ អង្សាសេ បើប្រៀបធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម ហើយថាការរក្សា កម្ដៅ មិន ឱ្យលើស ១,៥ អង្សាសេ អាចកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុបានយ៉ាងសំខាន់៕
ដោយ៖ហួន ឌីណា