យុវសិស្ស អ៊ុង ឈួនមន្នី ប្ដេជ្ញារៀន និងចង់ក្លាយជាគ្រូបង្ហាត់ល្ខោនខោល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ដូនតាខ្មែរបានបន្សល់ទុកនូវមរតកជាច្រើនសម្រាប់កូនខ្មែរតជំនាន់ ដែលមរតកដូនតាខ្មែរទាំងនោះសុទ្ធតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅបង្ហាញពីការរីកចម្រើនៃសង្គមខ្មែរទាំងសីលធម៌ គុណធម៌ ចំណេះដឹង និងភាពរុង រឿង គ្រប់វិស័យនៃសង្គមជាតិ។

មរតកវប្បធម៌សិល្បៈជាច្រើនបានឆ្លាក់ចារជាប់នឹងជញ្ជាំងប្រាសាទ សិលា ចារឹកផ្សេងៗពាសពេញផ្ទៃប្រទេស ក្នុងនោះល្ខោនខោលគេឃើញមាន ឆ្លាក់ ចារជាប់នឹងសិលាចារឹកផងដែរ។ ល្ខោនខោល ជាល្ខោនពាក់របាំងមុខរបស់ កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី១០ ក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)។ រហូតមកដល់សព្វថ្ងៃនេះ ល្ខោនខោលនៅតែមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ពី សំណាក់ ពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោក។

យុវសិស្ស អ៊ុង ឈួនមន្នី ដែលមានស្រុកកំណើតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានចាប់យកជំនាញល្ខោនខោលមកសិក្សាដែលយុវសិស្ស រូបនេះជាសិស្សសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល ប៉ុន្តែ លោក មិនទាន់បរិញ្ញាបត្រនោះទេ។

ទាក់ទិននឹងការចាប់ជំនាញសិល្បៈមួយនេះ អ៊ុង ឈួនមន្នី បានឱ្យដឹងថា ៖ «ខ្ញុំចាប់ជំនាញយកផ្នែកល្ខោនខោល ពីព្រោះខ្ញុំយល់ថាល្ខោនខោលមាន ចំណុចគួរឱ្យចាប់អារម្មណ៍ច្រើនក្នុងនោះមានទាំងការជួយរក្សាវប្បធម៌ឱ្យគង់វង្ស និងបន្តឱ្យក្មេងជំនាន់ជួយថែរក្សាវប្បធម៌កេរមរតកពីដូនតាមកផងដែរ»។

សេចក្ដីស្រឡាញ់ពេញចិត្តពិតជាធ្វើឱ្យយុវសិស្សរូបនេះមានបំណងស្នងសិល្បៈល្ខោលខោនទៅមុខទៀត ដើម្បីឱ្យសិល្បៈនេះបានគង់វង្ស ស្របពេល ដែល ទម្រង់សិល្បៈ និងបច្ចេកវិទ្យាកំពុងវិវឌ្ឍតាមសង្គមសម័យថ្មី។
យុវសិស្សរូបនេះបានអះអាងពីបំណងខ្លួនថា ៖ «ខ្ញុំចង់ក្លាយជាគ្រូបង្ហាត់ ល្ខោនខោលពីព្រោះខ្ញុំចង់បង្ហាត់ដល់ក្មេងជំនាន់ក្រោយឱ្យជួយថែរក្សាល្ខោនខោលឱ្យបានគង់វង្ស។ ខ្ញុំនឹងខិតខំហាត់ ហើយនិងសម្រេចក្តីស្រមៃខ្ញុំ ឱ្យបាន។ កាលពីខ្ញុំនៅក្មេងខ្ញុំចូលចិត្តល្ខោនខោលណាស់ ព្រោះមានក្បាច់ ល្អៗច្រើនទើបបានជាខ្ញុំសុំម៉ាក់ប៉ាចូលមករៀននៅសាលាមធ្យមវិចិត្រសិល្បៈនេះ”។
ក្នុងនាមជាអ្នកស្រឡាញ់ពេញចិត្ត និងជាសិស្សសិល្បៈល្ខោនខោល អ៊ុង ឈួនមន្នី មានសំណូមពរខ្លីថា ៖ «ជាចុងក្រោយខ្ញុំសូមផ្ដាំទៅក្មេងៗ ឬយុវជន ជំនាន់ក្រោយឱ្យជួយថែរក្សាវប្បធម៌ដែលជាកេរ្តិ៍ពីដូនតារបស់យើងដែលបានបន្សល់ទុកមកនេះផង»។

បើយោងតាមសៀវភៅល្ខោនខោលរបស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និង តែងនិពន្ធ ពេជ្យ ទុំក្រវិល បានសរសេរថា នៅលើសិលាចារឹក K.99 ប្រាសាទសំបូរព្រៃគុក នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោន មួយឈ្មោះ «ភាណី» រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្រ្តីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែជាប្រុសផងដែរ យ៉ាងណាវិញអ្នកប្រវត្តិវិទូផ្នែកវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗទៀត មិនទាន់ ទទួលស្គាល់ថាល្ខោនខោល ដាច់ខាតត្រូវតែសម្ដែងតែបុរសនោះទេ ព្រោះ មិនទាន់មានប្រភពជាក់លាក់ណាមួយអំពីការលើកឡើងនេះឡើយ។

ល្ខោនខោល គេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ។ ពាក្យ ខោល ក្នុងវចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួន ណាត ជានាមសព្ទដែល មានន័យថា ពួកល្ខោនប្រុស, ( រាំរឿងរាមកេរ្តិ៍ )។ គេប្រទះពាក្យ ខោល ក្នុងសិលាចរឹកមួយចំនួនទៀតដូចជា សិលាចារឹកនៅវត្តប្រម៉ា ខេត្តសៀមរាប K.1229C, សិលាចារឹកនៅ ស.វទី៩ គ.សករាជ ៩៧៩ និយាយពី ពីព្រាហ្មណ៍បុរាហិតម្នាក់ នៅវ្យាធៈបុរៈ បានបញ្ជូនមនុស្សឱ្យទៅបម្រើក្នុង រាជវាំង ក្នុងនោះតម្រូវឱ្យ «វាប» (អានថា៖ វាប៉ៈ) មានន័យថា សាក ឬមកសម មនុស្ស៦នាក់ត្រូវទៅផ្ទះនាដខោល (ផ្ទះអ្នករាំរបាំខោល)៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner