សហគមន៍អូរជាំ៖ បើសិនជាដាំក្រវាញជោគជ័យ យើងនឹងប្រែក្លាយខ្លួន ជាអ្នកផ្គត់ផ្គង់កូនក្រវាញទៅតំបន់ ផ្សេងទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រវាញជារុក្ខជាតិម្យ៉ាងដែលដុះតាមបែបធម្មជាតិនៅក្នុងតំបន់ជើងភ្នំ និងមានរូបរាងស្រដៀងទៅនឹងរំដេងដូច្នោះដែរ ។រុក្ខជាតិក្រវាញ មាន អត្ថប្រយោជន៍ ជាច្រើន។ក្រៅតែជាគ្រឿងទេសសម្រាប់ម្ហូបអាហារ វាក៏ជា ឱសថ ដ៏ពេញនិយមសម្រាប់ប្រជាជនផងដែរ។

រុក្ខជាតិប្រភេទនេះច្រើនតែមានដុះនៅក្នុងតំបន់ជួរភ្នំក្រវាញ ជាពិសេស ក្នុងទីតាំងភូមិសាស្ត្រខេត្ត ពោធិ៍សាត់ ហើយក្រវាញមានតម្រូវការពីទីផ្សារ ច្រើនណាស់ប៉ុន្តែដោយឡែកការផ្គត់ផ្គង់នៅតែមានមិនគ្រប់គ្រាន់ដោយសារតែប្រជាជនត្រូវចូលព្រៃកាន់តែជ្រៅទៅៗ ដើម្បីបានរុក្ខជាតិមួយប្រភេទនេះ។
ផ្អែកលើតម្រូវការទាំងនេះ ក្រវាញនៅតាមតំបន់ការពារធម្មជាតិក៏ កាន់តែតិច ទៅៗ និងបង្កជាការព្រួយបារម្ភថាអាចនឹងផុតពូជតែម្ដង។ កន្លងមក ក្រសួង បរិស្ថាន ធ្លាប់បានចុះទៅតាមសហគមន៍ ដើម្បីបង្រៀនប្រជាជនឱ្យយល់ពី របៀបជ្រើសរើសក្រវាញពេញវ័យ ជៀសវាងការដកទាំងកូនៗ រហូតអាចអស់ ពីតំបន់នោះតែម្ដង។

សហគមន៍ក៏ធ្លាប់បានសាកល្បងដាំផងដែរប៉ុន្តែមិនជោគជ័យ ពោលគឺ ក្រវាញ ដែលយកមកដាំ នឹងត្រូវស្រពោនងាប់ទៅវិញតែម្ដង។ ដោយឡែក កាលពីពេលថ្មីៗនេះ សហគមន៍ចំនួនពីរបានសាកល្បងក្នុងការផ្សាំកូន និងដាំក្រវាញក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីប្រែក្លាយវាឱ្យទៅជាមុខ របររបស់សហគមន៍តែម្ដង។

សហគមន៍តំបន់ការពារធម្មជាតិអូរជាំ ស្ថិតនៅក្នុងខេត្តបាត់ដំបង ជា សហគមន៍មួយដែលបានដាំ រុក្ខជាតិក្រវាញនៅលើដីទំហំប្រាំហិកតា។បើតាមការឱ្យដឹងរបស់ប្រធានសហគមន៍ផ្ទៃដីនេះជាកម្មសិទ្ធរួមរបស់សហគមន៍ និងត្រូវបានគ្រប់គ្រងដោយគណៈកម្មការប្រចាំសហគមន៍។

សហគមន៍ មួយនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨មកម៉្លេះ និងមាន ប្រជាជន ៣០០ គ្រួសាររស់នៅ។ សហគមន៍នេះក៏មានសក្កានុពលផ្នែក ទេសចរណ៍ដែរ ដោយអ្នកទេសចរអាចទៅកម្សាន្ដជាមួយទឹកធ្លាក់ និងធ្វើ ដំណើរថ្មើរជើងឡើងភ្នំជាដើម។
លោក គីម សុង ដែលជាប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានប្រាប់ឱ្យដឹងថា ប្រជាជនទាំង ៣០០គ្រួសារនេះ ភាគច្រើនជាអ្នកប្រកប របរស្រែចំការ និងមួយផ្នែកតូចអាស្រ័យផលលើធនធានធម្មជាតិ ប៉ុន្តែការដាំ ក្រវាញនេះ លោកបានដាក់ក្ដីរំពឹងថា វាអាចជាមុខរបរថ្មីសម្រាប់ប្រជា សហគមន៍ ។

លោក គីម សុង ថា៖ «យើងដាំដោយរៀនមើលពីថៃ ព្រោះនៅថៃគេដាំបាន ហើយយើងយកវាមកផ្សាំ និងដាំលើដី៥ហិចតារបស់សហ គមន៍… ក្រៅពីនេះទៅ យើងក៏ចែកកូនចំនួន៤០ភាគរយ ទៅឱ្យប្រជាជន ២០ គ្រួសារសាកល្បងដាំផងដែរ»។

ប្រធានសហគមន៍រូបនេះបន្តថា ៖ «យើងមិនទាន់ហ៊ានសាកល្បងលើដីទាំង ប្រាំហិកតាទេ ខ្លាចថាវាខុសបច្ចេកទេសត្រង់ណាមួយទៅ វាធ្វើឱ្យយើងខាត ដូច្នេះហើយពេលនេះយើងសាកល្បង លើដី ពីរហិកតាទៅមុនសិន»។
បើតាមការបញ្ជាក់បន្ថែមរបស់លោក គីម សុង ប្រហែលជាក្នុងអំឡុងខែមីនា កូនក្រវាញដែលបានផ្សុំា នឹងចាប់ផ្ដើមដុះលូតលាស់ ហើយប្រសិនបើការផ្សាំ នេះជោគជ័យច្រើន សហគមន៍នឹងបន្តផ្សាំ ក៏ដូចជាបន្តដាំដុះទៀត ដើម្បី បង្កើន ទិន្នផលកាន់តែច្រើន។

ម្យ៉ាងទៀត ប្រសិនបើជោគជ័យ សហគមន៍នឹងបន្តចែកចាយទៅដល់ប្រជា សហគមន៍បន្ថែមទៀត ហើយទិន្នផលដែលពួកគេប្រមូលបានសហគមន៍ នឹងប្រមូលទិញវិញ ឬប្រជាជនអាចរកទីផ្សារលក់ ដោយខ្លួនឯងក៏បាន។

ប្រធានសហគមន៍ដដែលនេះ បង្ហាញពីមហិច្ឆតារបស់ខ្លួនថា ៖ «បើសិន ជាធ្វើទៅជោគជ័យ គាប់ប្រសើរយើងចង់វាយលុកទីផ្សារស្រុកខ្មែរឱ្យគ្រប់ តំបន់តែម្ដង តាមរយៈការផ្ដល់កូន និងបង្រៀន ពីបច្ចេកទេសផ្សុំាកូន»។
សម្រាប់ការលក់រុក្ខជាតិក្រវាញវិញ សហគមន៍អាចបែងចែកចំណូលបានជា ច្រើនផ្នែក ដោយដើម ក្រវាញគេទិញយកទៅធ្វើជាបន្លែសម្រាប់ឆា។ឯផ្កាក៏អាចលក់ទៅឱ្យប្រទេសជិតខាងដែលគេយកទៅផលិតជាឱសថទៀតផង។បើមើលពីតម្លៃវិញ ក្រវាញអាចលក់បានក្នុងតម្លៃចន្លោះពីមួយម៉ឺន ទៅបួនម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះសមស្របសម្រាប់លើក ស្ទួយជីវភាពអ្នកដាំដុះបាន៕
ដោយ៖កែវ បុស្បា

ads banner