ទីផ្សាររថយន្តថ្មីនៅកម្ពុជា កំពុងមាននិន្នាការកើនឡើង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកជំនាញ នៅក្នុងវិស័យយានយន្ត យល់ឃើញថា ការនាំចូល រថយន្ត ថ្មី នឹងបន្តកើនឡើង ខណៈរថយន្តជជុះនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ ដែលអាចជំរុញឱ្យទីផ្សាររថយន្តថ្មីវាយលុករថយន្តជជុះនាពេលអនាគតដ៏ខ្លីខាងមុខ ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ, កត្តា តម្លៃ និងការយល់ដឹងការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋកាន់ តែល្អ ប្រសើរ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣ នេះតទៅការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជានឹង មានការកើនឡើងជាបន្តបន្ទាប់ ហើយការនាំចូលរថយន្តមួយទឹកនឹងបន្តធ្លាក់ ចុះ ឬអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តប្រភេទនេះដូចបណ្តា ប្រទេសក្នុងតំបន់នាពេលកំណត់ណាមួយនៅអនាគត។

លោកបានបញ្ជាក់ថា ៖ «តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជានឹងវាយលុក រថយន្តមួយទឹកក្នុងពេលឆាប់ៗខាងមុខនេះ។មានមូលហេតុមួយចំ នួន ដែលបានទាញទម្លាក់ការប្រើប្រាស់រថយន្តមួយទឹកនៅកម្ពុជាដូចជាការយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្តរបស់ប្រជាពល រដ្ឋ មានកើនឡើង, ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាមានការរីក ចម្រើន គួបផ្សំតម្លៃរថយន្តថ្មីបច្ចុប្បន្នស្ទើរតែស្មើនឹងរថយន្តជជុះ និងលក្ខ ខណ្ឌបង់រំលស់មានភាពល្អប្រសើរជាដើម»។

ជាមួយគ្នានេះ លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្ត កម្ពុជា ក៏បានកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយកំណើននាំចូល រថយន្តថ្មីៗមកកាន់ទីផ្សារកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងក្នុងចំណោមរថយន្តនាំចូល ដែលមានកំណើន២៤ភាគរយ កាលពីឆ្នាំមុន ការនាំចូលរថយន្តថ្មីមានការកើនឡើងជាង៥០ភាគរយ ខណៈរថយន្តមួយទឹក ឬរថយន្តជជុះមានកំណើនជាងតែ២០ភាគរយ ប៉ុណ្ណោះ។
លោក មុនីវណ្ណ បានបន្ថែមថា ការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជាមាន សន្ទុះ ល្អប្រសើរជាងការនាំចូលរថយន្តជជុះនៅមួយរយៈចុងក្រោយ។ ជាក់ស្តែងកាលពីឆ្នាំ២០២២ ការនាំចូលរថយន្តថ្មីមានកំណើនជាង៥០ ភាគរយ ខណៈរថយន្តជជុះមានកំណើនតែជាង២០ភាគរយ ប៉ុណ្ណោះ ។នេះបង្ហាញពីនិន្នាប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងនាពេលបច្ចុប្បន្ន។
លោកបានថ្លែងថា ៖ «កត្តាដែលជំរុញឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការកើនឡើង គឺដោយសារកើនឡើងកម្រិតជីវភាពរបស់ប្រជាជន ដែលផ្តល់ឲ្យពួកគេមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្តថ្មី, ការយល់ ដឹងពាក់ព័ន្ធការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋមានការកើនឡើង គួបផ្សំរថយន្តថ្មីបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តជជុះ។ កំណើនវិនិយោគលើរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ជាមូលហេតុ ជួយជំរុញកំណើនការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាផងដែរ»។
ចំពោះកំណើននាំចូលរថយន្តដែលជាភាគច្រើនជារថយន្តថ្មីនេះដែរ លោកបានអះអាងថា ដោយសារការងើបឡើងវិញនៃវិស័យសំខាន់ៗដែលជា ជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា, តម្រូវការប្រើប្រាស់រថយន្តមានការកើនឡើង ក្រោយ រាជរដ្ឋាភិបាលបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ គួបផ្សំភាពនឹងននៃសេដ្ឋកិច្ច និងស្ថានភាពសង្គមផងដែរ។ ម្យ៉ាងវិញទៀត កម្ពុជាបានក៏បានបង្កើតក្រុមការអន្តរក្រសួង ដើម្បីរៀបចំគោលនយោបាយ រថយន្តប្រើរួច ក្នុងគោលបំណងកាត់បន្ថយ និងកំណត់ឆ្នាំរថយន្តដែលត្រូវនាំ ចូលមកកាន់ទីផ្សារកម្ពុជា។

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បាន ឱ្យដឹងដែរថា និន្នាការនៃនាំចូញលរថយន្តថ្មីកើនឡើង នឹងមានផលប៉ះពាល់ មួយចំនួនដល់អ្នកប្រកបអាជីវកម្មលក់រថយន្តមួយទឹក ដែលទាមទារឱ្យអ្នក ប្រកបមុខរបរនេះ មានការត្រៀមខ្លួនជាមុន ដើម្បីសម្របខ្លួនទៅនឹងការប្រែ ប្រួលនេះ។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំយល់ឃើញថា នៅពេលសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែប្រសើរឡើងទៅ និន្នាការនៃការប្រើប្រាស់រថយន្ត ក៏នឹងកើនឡើងទៅ តាមនោះដែរ ព្រោះថា បច្ចុប្បន្នតម្លៃរថយន្តថ្មី និងមួយទឹកក៏មិនខុស គ្នាច្រើនដែរ។ កត្តានេះ នឹងជំរុញឱ្យប្រើប្រាស់ងាកមកចាប់អារម្មណ៍លើ ការប្រើប្រាស់រថយន្តថ្មីវិញជាជាងការប្រើប្រាស់រថយន្តទឹក ជាពិសេស បន្ទាប់ពីរាជរដ្ឋាភិបាលនិងកំពុងរៀបចំគោលនយោបាយរថយន្តប្រើរួច ក្នុងគោលបំណងកាត់បន្ថយផងនោះ»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន ឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ចំណូលដែលបានពីកា រ នាំចូលយានយន្តនិងគ្រឿងចក្រមានចំនួន ៥ ០៧៨,៧ ប៊ីលានរៀល ឬស្មើនឹងជាង១២៣៨លានដុល្លារ ដែលត្រូវជា ៤៦,២ភាគរយ នៃចំណូលសរុប ជាចំណូលច្រើនជាងគេក្នុងចំណោមមុខទំនិញដទៃទៀត។ ហើយបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២ កន្លង ទៅ កម្ពុជាបាននាំចូលរថយន្តក្នុងតម្លៃជិត១,៥ពាន់លានដុល្លារអាមេរិក កើនឡើង២៤ភាគរយ បើធៀបនឹងឆ្នាំ២០២១ ៕ ដោយ៖ វណ្ណ សុជាតា

ads banner