ប្រមុខការទូតរុស្ស៊ី ទៅដល់ប្រទេសអ៊ីរ៉ាក់ហើយ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខស្បៀងអាហារ និងថាមពល
បាតដាដ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានមកដល់ប្រទេសអ៊ីរ៉ាក់ហើយ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពីផ្នែកថាមពល និងសន្តិសុខស្បៀង នៅក្នុងបរិបទសង្គ្រាមអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ លោក អាម៉េដ អាល់ សាហាហ្វស់ បានប្រាប់សារព័ត៌មាន AFP ថា លោក ឡាវរូវ បានធ្វើដំណើរមកដល់រដ្ឋធានីបាតដាដ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ព្រមជាមួយគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ដែលរួមមានមកពីក្រុមហ៊ុនប្រេង និងឧស្ម័ន ហើយនឹងអ្នកធុរកិច្ច។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ INA បានដកស្រង់សម្តីលោក សាហាហ្វស់ ឱ្យដឹងថា នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ លោក ឡាវរូវ នឹងជួបសមភាគីអ៊ីរ៉ាក់ លោក ហ្វូដ ហ៊ូសិន ។ ទន្ទឹមគ្នា លោក ឡាវរូវ ក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ ហ្ស៊ី អាល់ស៊ូដានី ប្រធានាធិបតីអ៊ីរ៉ាក់ លោក អាប់ឌុល ឡាទីសហ្វ រ៉ាស៊ីដ និងប្រធានសភាអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ អាល់ ហាល់ប៊ូស៊ី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ INA បានដកស្រង់សម្តីលោក សាហាហ្វស់ ឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតរុស្ស៊ីរូបនេះ បានបញ្ជាក់ពីការបើកចំហរបស់ប្រទេសអ៊ីរ៉ាក់ចំពោះដៃគូ និងបណ្តាប្រទេសជាមិត្តទាំងអស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

