ព្រឹត្តិការណ៍ប្រកួតកីឡាបាលទាត់ ទទួលពានរង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ បិទបញ្ចប់ដោយជោគជ័យ រកឃើញក្រុមកីឡាករជើងឯក ប្រចាំឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ការប្រកួតកីឡាបាលទាត់ទទួលពាន់រង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឈានដល់ការបិទបញ្ចប់ដោយជោគជ័យ។
ពិធីបិទការប្រកួត និងប្រគល់រង្វាន់ដល់ក្រុមកីឡាករ បានប្រារព្ធធ្វើឡើង កាលរសៀលថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីលានកីឡាបាល់ទាត់ ក្នុងឃុំពពេលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល។
ឯកឧត្តមបានលើកទឹកចិត្តយុវជនឱ្យមានទម្លាប់លេងកីឡា ដើម្បីថែរក្សាសុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងយុវជនពីភូមិមួយ ទៅភូមិមួយ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យយុវជនខិតខំសិក្សារៀន ពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងគ្រឿងស្រវឹងនានា។ ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាទិភាពដើម្បីជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។
ជាងនេះទៅទៀត ឯកឧត្តមថានឹងខិតខំស្វែងរកអាហារូបករណ៍ ផ្តល់ជូនយុវជននៅក្នុងឃុំបានសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្តទៀត ។
សូមជម្រាបថាការបើកការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់ “ឯកឧត្តម កែវ ពិសិដ្ឋ “បានចាប់ផ្តើមប្រកួតតាំងពីទី១៤ ខែមករា ឆ្នាំ២០២៣ ដោយរៀបចំការប្រកួតនៅរៀងរាល់ចុងសប្តាហ៍។ ព្រឹត្តិការណ៍នេះ មានកីឡាករយុវជនចំនួន៩ក្រុម មកពីភូមិនានា នៅក្នុងឃុំពពេលហើយការចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានេះបានចំណាយអស់ទឹកប្រាក់ប្រមាណ ១៥,០០០ដុល្លារ។ ក្រៅពីនោះឯឧប្រធានក៏បានឧបត្ថមថវិការចំនួន៨លានរៀលបន្ថែមទៀតសម្រាប់អភិវឌ្ឍននិងកែលម្អរទីលានបាល់ទាត់ភូមិថ្មី ៕ ដោយ ហេង សម្បត្តិ


