ការបាញ់ទម្លាក់បាឡុងនៅសហរដ្ឋអាមេរិកបានប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

ប៉េកាំង៖ ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបាញ់ទម្លាក់បាឡុងរបស់ចិន បានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យន្តហោះស៊ីវិលដែលសហរដ្ឋអាមេរិកបាននិយាយថា ជាបាឡុងចារកម្មរបស់ចិនបានចំណាយពេលជាច្រើនថ្ងៃហោះហើរលើដែនអាកាសសហរដ្ឋអាមេរិកខាងជើង ដែលនាំឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន។

ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងបានបាញ់ទម្លាក់បាឡុងរបស់ចិននៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ដោយសារតែអ្វីដែលខ្លួនហៅថា ជា “ការរំលោភមិនអាចទទួលយកបាន”របស់ទីក្រុងប៉េកាំងចំពោះអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក។

ជាការឆ្លើយតប ទីក្រុងប៉េកាំងបានតវ៉ាចំពោះទង្វើនេះ ដោយអះអាងថា បាឡុងនោះគ្រាន់តែជាយន្តហោះស៊ីវិលដែលត្រូវបានបង្ហោះ ហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក៏បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់ស្ថានទូតអាមេរិកប្រចាំប្រទេសចិនផងដែរ។

អនុរដ្ឋមន្ត្រីការបរទេសចិន លោក ស៊ី ហ្វេង បាននិយាយនៅក្នុងពាក្យបណ្តឹងនេះថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ភាគីទាំងពីរ ក្នុងស្ថិរភាពទំនាក់ទំនងចិន-អាមេរិក ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលី ដោយគាត់ចង់សំដៅដល់ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជីនពីង ក្នុងខែវិច្ឆិកាឆ្នាំមុន។

សេចក្តីថ្លែងការណ៍បានបន្ថែមថាប្រទេសចិនបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាពវិវឌ្ឍន៍ចុងក្រោយនេះ ក៏ដូចជារក្សាសិទ្ធិដើម្បីបញ្ចេញប្រតិកម្មចាំបាច់បន្ថែមទៀត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner