Cambodia2050 Ep53: តួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសង្គម
វាគ្ម័ន៖ កញ្ញា ស៊ុន ស៊ីហនិតនោវី, នាយិកាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា Technology Solution Development TSD, សមាជិកសកម្មនៃគណៈកម្មាធិការសមាជិកភាពរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា
ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ប្រសិនបើយើងក្រឡែកទៅមើលកាលពី ១០ ឆ្នាំមុន នៅក្នុងគ្រួសារមួយ ស្ត្រីយកមានតួនាទីក្នុងការទុកដាក់លុយ មើលថែកូនៗ ទុកដាក់ចង្ក្រាន មើលថែសុខទុក្ខស្វាមីនិងមាតាបិតារបស់គាត់។ គាត់មានការទទួលខុសត្រូវនិងទំនួលខុសត្រូវធំ។ លើសពីនេះទៅទៀត កាលពី១០ ឆ្នាំមុន ស្រ្តីមិនមានសមត្ថភាពក្នុងការរៀនសូត្របានខ្ពង់ខ្ពស់ទេ។
ប៉ុន្តែបើសិនជាយើងមើលមកបច្ចុប្បន្នវិញ ស្ត្រីមានកាតព្វកិច្ចនិងទំនួលខុសត្រូវស្មើគ្នានៅក្នុងក្រុមគ្រួសាមួយរវាងបុរសនិងស្ត្រីដោយយើងប្តូរពាក្យពី “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ទៅជា “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។ ឃ្លានេះធ្វើឲ្យស្ត្រីមានមានមុខមាត់ មានអំណាច លើកតម្កើងស្រ្តីឲ្យក្លាយជាអ្នកដឹកនាំ។ ចំពោះការផ្សព្វផ្សាយ យើងមានការផ្សព្វផ្សាយទូលំទូលាយមកហើយ។ ប៉ុន្តែចំពោះឧបសគ្គវិញ យើងនូវតែជួបឧបសគ្គផ្សេងទៀតដែលមិនទាក់ទងនឹងការផ្សព្វផ្សាយ។ ចុងបញ្ចប់ ការលើកតម្កើងអាចធ្វើឡើងបានក្នុងរូបភាពច្រើនជាច្រើនដូចជា អ្នកខ្លះជាដៃគូអាជីវកម្មរបស់ស្រ្តី អ្នកខ្លះជួបជជែកជាមួយស្រ្តី អ្នកខ្លះព្យាយាមដោះស្រាយបញ្ហាជាមួយស្រ្តី។ អ្វីដែលសំខាន់នោះគឺ យើងកុំមើលរំលងវា។
សំណួរទី ១៖ ជាកិច្ចចាប់ផ្តើម តើកញ្ញាអាចជួយបកស្រាយបានទេ តើស្រ្តីមានតួនាទីសំខាន់យ៉ាងណាដែរដល់ការអភិវឌ្ឍសង្គមរបស់កម្ពុជា?
ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ពួកគាត់មានកាតព្វកិច្ចក្នុងការបំពេញភារៈកិច្ចរវាងគ្រួសារនិងសង្គមមិនមែនមានតែនៅក្នុងគ្រួសារទេ។ ចំពោះសង្គមជាតិវិញ ពួកគាត់មាននាទីក្នុងការចូលរួមចំណែកធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនផ្នែកសេដ្ឋកិច្ចដូចសព្វថ្ងៃ។
សំណួរទី ២៖ តើតួនាទីរបស់ស្ត្រីក្នុងសង្គមកម្ពុជាយើងបានផ្លាស់ប្តូរយ៉ាងណាដែរពីអតីតកាលរហូតមកដល់បច្ចុប្បន្ន?
ប្រសិនបើយើងក្រឡែកទៅមើលកាលពី ១០ ឆ្នាំមុន នៅក្នុងគ្រួសារមួយ ស្ត្រីយកមានតួនាទីក្នុងការទុកដាក់លុយ មើលថែកូនៗ ទុកដាក់ចង្ក្រាន មើលថែសុខទុក្ខស្វាមីនិងមាតាបិតារបស់គាត់។ គាត់មានការទទួលខុសត្រូវនិងទំនួលខុសត្រូវធំ។ លើសពីនេះទៅទៀត កាលពី១០ ឆ្នាំមុន ស្រ្តីមិនមានសមត្ថភាពក្នុងការរៀនសូត្របានខ្ពង់ខ្ពស់ទេ។ នេះមានន័យថា ក្នុងគ្រួសារមួយ ប្រសិនបើមានកូនប្រុសនិងកូនស្រី ឪពុកម្ដាយតែងតែឲ្យកូនស្រីនៅផ្ទះហើយឲ្យកូនប្រុសទៅរៀន។ កាលដែលមិនបានរៀនសូត្រខ្ពង់ខ្ពស់នេះហើយទើបធ្វើឲ្យគាត់អត់មានសមត្ថភាពនៅក្នុងការកាន់តួនាទីធំៗក្នុងស្ថាប័ននានា ឬក៏យើងអាចថា គាត់មិនអាចចូលក្នុងសង្គមបានទេដោយសារតែពួកគាត់អត់មានចំណេះដឹង ហើយអ្នកខ្លះទៀតគឺអត់ចេះអក្សរតែម្តងដែលយើងហៅថា អនក្ខរកម្ម។
ប៉ុន្តែបើសិនជាយើងមើលមកបច្ចុប្បន្នវិញ សព្វថ្ងៃនេះ យើងមានសមភាពយេនឌ័របណ្តាលឲ្យផ្នត់គំនិតក្នុងក្រុមគ្រួសារមានការផ្លាស់ប្តូរ។ ទោះបីជាមិនបាន ១០០% តែបានមួយចំនួនធំហើយវាជំរុញឲ្យស្ត្រីមានកាតព្វកិច្ចនិងទំនួលខុសត្រូវស្មើគ្នានៅក្នុងក្រុមគ្រួសាមួយរវាងបុរសនិងស្ត្រី។ ដូចនេះ ឧទាហរណ៍ ប្ដីប្រពន្ធពីរនាក់នៅក្នុងសង្គមគ្រួសារគឺទំនួលខុសត្រូវស្មើៗគ្នាតាំងពីការទុកដាក់កូន សុខទុក្ខឪពុកម្តាយ ហើយបើយើងនិយាយពីវិស័យសេដ្ឋកិច្ចវិញ ស្ត្រីមានមុខមាត់ដើរតួនាទីជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័ននានាហើយអាចជាម្ចាស់សហគ្រាសថែមទៀតផង។ ជារួមមក យើងឃើញមានការរីកចម្រើនយ៉ាងខ្លាំងដោយមានការប្រែប្រួលរវាងសមភាពយេនឌ័របុរសនិងស្ត្រី។
សំណួរទី ៣៖ ខណៈពេលដែលកម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តើសមភាពយេនឌ័រមានសារៈសំខាន់យ៉ាងណាដែរសម្រាប់កម្ពុជាក្នុងការសម្រេចគោលដៅនេះ?
ស្ទើរតែប្រជាជនកម្ពុជាយើងទាំងអស់គ្នាទៅហើយនិយាយអំពី “សមភាពយេនឌ័រ”។ សមភាពយេនឌ័រសំដៅទៅលើការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងការសម្រេចចិត្តក្នុងការធ្វើទំនាក់ទំនង ក្នុងការទទួលទំនួលខុសត្រូវការងារ និងក្នុងការកែប្រែទៅលើគោលការណ៍នយោបាយមួយចំនួន។ ជារួម ស្ត្រីមានសំឡេង តាំងពីខាងថ្នាក់ក្រោមជាតិជាមួយនឹងថ្នាក់ជាតិ។ ពីមុនមក យើងធ្លាប់ធ្វើគោលនយោបាយសមភាពយេនឌ័រដែរតែមិនមានប្រសិទ្ធភាពទេ។ ដល់ពេលឥឡូវនេះវិញ គឺយើងមានទាំងប្រសិទ្ធភាពនិងប្រសិទ្ធផលល្អជាងមុនដោយយើងប្តូរពាក្យពី “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ទៅជា “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។
ឃ្លានេះធ្វើឲ្យស្ត្រីមានមានមុខមាត់ មានអំណាច លើកតម្កើងស្រ្តីឲ្យក្លាយជាអ្នកដឹកនាំ។ លើសពីនេះទៅទៀត ស្ត្រីប្រមាណជាង ៦១% ជាម្ចាស់សហគ្រាសខ្នាតតូចនិងខ្នាតមធ្យម។ នេះជាតួលេខយោងតាមការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងឆ្នាំ ២០២២ ហើយសហគ្រាសខ្នាតតូចនិងខ្នាតមធ្យមទាំងនេះហើយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ និងចីរភាពនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដូចនេះ ស្រ្តីប្រៀបបីបានដូចជា កម្លាំងចលករស្នូលមួយ ក្នងការចូលរួមសេដ្ឋកិច្ចប្រទេស។ នាងខ្ញុំជឿជាក់ថាសមភាពយេនឌ័រមានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិយើងទៅថ្ងៃមុខទៀត។
សំណួរទី ៤៖ តើអ្វីទៅជាឧបសគ្គក្នុងការរារាំងការផ្សព្វផ្សាយក៏ដូចជាការអប់រំអំពីការលើកកម្ពស់សិទ្ធិស្រ្តីនៅក្នុងប្រទេសកម្ពុជា?
ចំពោះការផ្សព្វផ្សាយ ឥឡូវនេះយើងមានការផ្សព្វផ្សាយទូលំទូលាយមកហើយ។ ប៉ុន្តែចំពោះឧបសគ្គវិញ យើងនូវតែជួបឧបសគ្គផ្សេងទៀតដែលមិនទាក់ទងនឹងការផ្សព្វផ្សាយ។ ឧទាហរណ៍ ឧបសគ្គសំខាន់ទីមួយគឺក្រុមគ្រួសារឬក៏យើងហៅថា បរិស្ថានសង្គម មិនទាន់មានការអប់រំគ្រាប់គ្រាន់នៅឡើយ។ វាពាក់ព័ន្ធជាមួយនឹងការអប់រំដោយកម្រិតអប់រំរបស់ឪពុកម្ដាយនៅមានកម្រិត នាំឲ្យពួកគាត់អត់បានបញ្ជូនកូនឱ្យទៅទទួលការអប់រំ។ នេះគឺជាបញ្ហាដ៏ធំមួយ។ ហើយបញ្ហាមួយទៀតវិញដែលយើងត្រូវលើកឡើងគឺពាក់ព័ន្ធនឹង អនក្ខរកម្ម។ ការអត់ចេះអក្សរ ការមិនបានផ្តល់ការអប់រំ ធ្វើឲ្យសមភាពយេនឌ័រមិនត្រូវបានលើកតម្កើង។ ហើយឧបសគ្គសំខាន់មួយទៀតនោះគឺការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
នៅស្ថាប័នមួយចំនួន ស្រ្តីមិនទទួលបានជំនាញបច្ចេកវិទ្យាមួយចំនួននោះទេដូចជា ថ្នាក់ IT មានស្ត្រីតែ ៥ នាក់ក្នុងចំណោមសិស្ស ៣០ នាក់ដែលបានទៅរៀនផ្នែក IT។ ហើយមានមុខវិជ្ជាជីវៈមួយចំនួនទៀតដូចថាខាងសំណង់ ខាងលើគ្រឿងយន្ត ស្ត្រីមិនសូវបានលើកតម្កើងឡើយ។ ដូចនេះ វានៅតែមានបញ្ហាប្រឈមសម្រាប់គាត់ហើយកត្តាប្រឈមចុងក្រោយនោះគឺការអនុវត្តគោលនយោបាយសមភាពយេនឌ័រតែម្ដង។ ប្រសិនបើយើងចេញតែគោលនយោបាយមិនបានអនុវត្តទេ សមភាពយេនឌ័រនឹងមិនត្រូវលើកតម្កើនទេ។
សំណួរទី ៥៖ ក្នុងនាមជាប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជា តើជនរួមជាតិយើងអាចធ្វើអ្វីបានដែរដើម្បីលើកកម្ពស់សិទ្ធិនារីក៏ដូចជាផ្សព្វផ្សាយសមភាពយេនឌ័រក្នុងប្រទេសកម្ពុជាយើង?
មិនថានាងខ្ញុំ ប្រជាពលរដ្ឋប្រុស ស្រី ចាស់ ក្មេងទេគឺត្រូវតែចូលរួមចំណែកមិនអាចខ្វះបានក្នុងការលើកតម្កើងស្ត្រីក្នុងការសម្រេចចិត្តជាមួយនឹងភាពជាអ្នកដឹកនាំ។ ទោះបីថាយើងជាបុរស យើងក៏ត្រូវយល់ដឹងនឹងលើកតម្កើងស្រ្តីដែរ ព្រោះយើងអាចមានប្អូនស្រី មានម្តាយ និងប្រពន្ធនៅក្បែរៗខ្លួនយើង។ ហើយឥឡូវនេះ ការលេចធ្លោរបស់ស្រ្តីនៅក្នុងសង្គម មិនមែនថាមានសមភាពយេនឌ័រហើយ គឺល្អប្រសើរទាំងអស់នោះទេ។ បើយើងក្រឡែកទៅមើលផ្នែកជនបទវិញ ស្ត្រីខ្លះនូវតែអត់អក្សរ។ នេះគឺជាបញ្ហាប្រឈមសម្រាប់ពួកគាត់។ ហើយសួរថា អ្នកណាដែលអាចលើកតម្កើងគាត់ហើយជួយគ្នាបាន?
ចម្លើយនោះគឺ មានតែយើងទាំងអស់គ្នានេះហើយដើម្បីចូលរួមចំណែក។ ការលើកតម្កើងអាចធ្វើឡើងបានក្នុងរូបភាពច្រើនជាច្រើនដូចជា អ្នកខ្លះជាដៃគូអាជីវកម្មរបស់ស្រ្តី អ្នកខ្លះជួបជជែកជាមួយស្រ្តី អ្នកខ្លះព្យាយាមដោះស្រាយបញ្ហាជាមួយស្រ្តី។ អ្វីដែលសំខាន់នោះគឺ យើងកុំមើលរំលងវា។ នៅក្នុងក្រុមគ្រួសារ មិត្តភក្តិ ឬនៅក្នុងសង្គមក្បែរយើង យើងត្រូវបង្រៀនពួកគាត់បន្តិចម្ដងៗទាក់ទងនឹងសមភាពយេនឌ័រ។
យើងក៏អាចចូលរួមផ្តល់ជាយោបល់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានានាផងដែរ។ សរុបសេចក្តីមក យើងមិនត្រូវមើលរំលងបញ្ហានេះហើយកុំគិតថាវាមិនមែនរឿងសំខាន់ពីព្រោះសមភាពយេនឌ័រនៅប្រទេសណាក៏ត្រូវបានគេលើកតម្កើងដែរ ដោយប្រទេសកម្ពុជាយើងគឺត្រូវបានគេលើកតម្កើងកាន់តែខ្លាំងតែម្ដង។ ជារួមមក យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់និងចូលរួមចំណែកទាំងអស់គ្នា៕