អ្នកជំនាញ៖ នាវាផ្ទុកយន្តហោះរបស់ឥណ្ឌា គឺជាគន្លឹះនៃយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក

ញូវដែលី៖ឥណ្ឌាកំពុងរៀបចំដាក់ឱ្យដំណើរការឡើងវិញនូវនាវាផ្ទុក យន្តហោះរបស់ខ្លួនធុនINS Vikramaditya ក្រោយការកែលម្អផ្សេងៗ ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបំពេញផែនការរបស់ក្រុងញូវដេលី ក្នុងការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំងចំនួនពីរ ដើម្បីស្វែងរក ការពង្រឹងអំណាចដែនសមុទ្រដើម្បីប្រឆាំងទប់ទល់នឹងអំណាចរបស់ចិនដែលកាន់តែកើនឡើង។

នាវា Vikramaditya ដែលជាអតីតនាវាផ្ទុកយន្តហោះសម័យសហភាព សូវៀត ដែលទិញពីរុស្ស៊ី ត្រូវគេរំពឹងថានឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ នេះ។នាវានេះនឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះផលិតក្នុងស្រុកដំបូងបង្អស់របស់ឥណ្ឌា ដែលដាក់ឱ្យដំណើរការក្នុងខែកញ្ញា ធុន INS Vikrant ។ នាវាទាំង២ រំពឹងថានឹងដំណើរការទាំងពេញលេញនៅចុងឆ្នាំ ២០២៣នេះ។
អ្នកជំនាញមើលឃើញថា ទោះបីជាឥណ្ឌាដើរក្រោយចិនលើធនធានយោធា ក្នុងដែន សមុទ្រមួយនេះក៏ដោយ ក៏នាវាផ្ទុកយន្តហោះឥណ្ឌា គឺជាគន្លឹះ ដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ប្រទេសនេះ។
អ្នកជំនាញលើវិស័យការពារជាតិឥណ្ឌូប៉ាស៊ីហ្វិកនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ លោក Viraj Solanki បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «វាមានសារៈសំខាន់ណាស់ ចំពោះការព្យាករណ៍អំពីអំណាចរបស់ឥណ្ឌា ជាពិសេសនៅក្នុងមហាសមុទ្រឥណ្ឌា» ។ លោកបន្តថា៖ «នេះពិតជាផ្តល់ ឱ្យឥណ្ឌានូវជម្រើសមួយ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងកា រទប់ទល់ នឹងប្រទេសចិននៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាអាទិភាពរបស់កងទ័ព ជើងទឹកឥណ្ឌា»។

អ្នកជំនាញយុទ្ធសាស្ត្រមើលឃើញថា កងទ័ពជើងទឹកនៃកងទ័ពរំដោះ ប្រជាជនចិន បាន និងកំពុងពង្រីកខ្លួន និងធ្វើទំនើបកម្មអស់រយៈពេលជាង មួយទសវត្សរ៍ហើយ ហើយបច្ចុប្បន្ននេះ ចិនគឺជាប្រទេសដែលមានកង ទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោក។ កាលពីខែមិថុនាឆ្នាំមុន ចិនបានបើកដំណើរការនាវាផ្ទុកយន្តហោះទី៣របស់ខ្លួន ដែលបានរចនា និងសាងសង់ក្នុងស្រុកជាលើកដំបូង ដែលផ្នែកមួយនៃកម្មវិធីដើម្បីពង្រីក និងពង្រឹងអំណាចរបស់ចិន។

ក្នុងពេលជាមួយគ្នានេះ កងទ័ពរំដោះប្រជាជនចិនបានអនុវត្តការវិនិយោគដ៏ ធំនៅ ក្នុងបច្ចេកវិទ្យាមីស៊ីលផ្លោង និងនាវាចរណ៍។

ក្រសួងការពារជាតិអាមេរិកបានព្រមានថា ប្រទេសចិននឹងមានសមត្ថភាពធ្វើការវាយប្រហារចម្ងាយឆ្ងាយយ៉ាងជាក់លាក់ប្រឆាំងនឹងគោលដៅនៅលើដីគោកពីនាវាមុជទឹក និងនាវាចម្បាំងលើផ្ទៃទឹក នាពេលខាងមុខ។
ស្របពេលដែលចិនបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ និងបង្កើនការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូង បណ្ដាប្រទេសលោកខាងលិចរួមមានសហរដ្ឋអាមេរិក ក៏ដូចជាចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀត បានឆ្លើយតបជាមួយនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹកក្នុងតំបន់ និងធ្វើនាវាចរណ៍កាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈប្រទេសទាំងនេះបន្តគោលនយោបាយតំបន់ឥណ្ឌូបាស៊ីហ្វិកដោយសេរី និងបើកចំហរ។
ចិនមិនទាន់មាននាវាផ្ទុកយន្តហោះក្នុងមហាសមុទ្រឥណ្ឌានៅឡើយទេ ប៉ុន្តែគេរំពឹងថា ចិននឹងមាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ អ្វីដែលកាន់តែព្រួយបារម្ភទៀតនោះគឺថា ចិនមាននាវាផ្សេងទៀតដែលកំពុងប្រតិបត្តិការជាប្រចាំក្នុងតំបន់រួចហើយនិងបានបង្កើតមូលដ្ឋានទ័ពនៅប្រទេសជីប៊ូទីក្នុងតំបន់ស្នែងអាហ្វ្រិក ដែលផ្តល់ភាពងាយស្រួលដល់ប្រទេសនេះចូលទៅកាន់មហាសមុទ្រឥណ្ឌា។
កាលពីខែសីហាឆ្នាំមុន ឥណ្ឌាបានរិះគន់ចិនជុំវិញការចូលចតនាវា Yuan Wang 5 នៅកំពង់ផែ Hambantota របស់ប្រទេសស្រីលង្កា ដែលចិនសាងសង់ ដោយហៅនាវានោះថាជា «នាវាចារកម្ម»។
អ្នកវិភាគនៅសិង្ហបុរីនៃក្រុមហ៊ុនចារកម្មផ្នែកការពារជាតិ Janes លោក Ridzwan Rahmat បាននិយាយថា៖ «ទីក្រុងញូវដេលីមើលឃើញថា ទីក្រុងប៉េកាំងកំពុងលុកលុយចូលកន្លែងដែលខ្លួនមានឥទ្ធិពលជាប្រពៃណី ជាពិសេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា» ។ លោកបន្តថា៖ «ខណៈសង្រ្គាមជាមួយចិននឹងទំនងជានឹងធ្វើឡើងលើដីគោក វត្តមានរបស់ចិនក្នុងតំបន់មហាសមុទ្រឥណ្ឌា អាចរំខានយ៉ាងខ្លាំងដល់ខ្សែទំនាក់ទំនងសមុទ្ររបស់ឥណ្ឌា ដែលនឹងជួយទ្រទ្រង់កម្លាំងក្នុងសង្រ្គាម»។ ប៉ុន្តែលោកបន្តថា ការធ្វើទំនើបកម្មនាពេលថ្មីៗរបស់កងទ័ពជើងទឹកឥណ្ឌា ដែលរួមបញ្ជូលទាំងការដាក់ដំណើរការនាវាផ្ទុកយន្តហោះនេះ នឹងធានាថាសេណារីយ៉ូបែបនេះមិនកើតមាននោះទេ។
ចិននិង ឥណ្ឌា មានជម្លោះតាមព្រំដែនធ្ងន់ធ្ងរជាមួយគ្នានៅឆ្នាំ ២០២០ ។ប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរព្រមទាំងបានផលិតនាវាមុជទឹកបំពាក់មីស៊ីលផ្លោង ដើរដោយថាមពលនុយក្លេអ៊ែរ។ បច្ចុប្បន្ននេះ ឥណ្ឌាមាននាវាមុជទឹកចំនួន២ និងគម្រោងផលិត២គ្រឿងបន្ថែមទៀត ក៏ដូចជានាវាមុជទឹកសម្រាប់បើកការវាយប្រហារដែលដើរដោយថាមពលនុយក្លេអ៊ែរ ផងដែរ។
មេទ័ពជើងទឹកឥណ្ឌាដែលចូលនិវត្តន៍ លោក Arun Prakash បានសរសេរក្នុងអត្ថបទមួយដែលចុះផ្សាយលើសារព័ត៌មាន The Indian Express កាលពីខែធ្នូឆ្នាំមុនថា បទពិសោធន៍នៃជម្លោះជាមួយចិន អាចធ្វើឱ្យផ្លូវសមុទ្រកាន់តែមានសារៈសំខាន់ ក្នុងករណីមានជម្លោះនាពេលអនាគត។

បើតាមអតីតអ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌា លោក D.K. Sharma ដែលបច្ចុប្បន្នជាអ្នកប្រឹក្សាយោធាការពារជាតិ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះដែលឥណ្ឌាមានទាំង២ គ្រោងនឹងដាក់មួយនៅឆ្នេរភាគខាងលិច និងមួយទៀតភាគខាងកើត។
ចំណែកឯលោក Rahmat វិញ បានថ្លែងថា កន្លងមកឥណ្ឌាផ្ដោតលើប៉ាគីស្ថានដែលនៅភាគខាងកើតជាង ប៉ុន្តែវត្តមានរបស់នាវាចិននៅឆ្នេរភាគខាងកើត ធ្វើឱ្យឥណ្ឌាចាប់ផ្ដើមពង្រឹងអំណាច ដើម្បីឱ្យគេដឹងថាខ្លួនមានវត្តមាននៅទីនោះ៕
ដោយ៖ហួន ឌីណា

ads banner