ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២២ នៅខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយជោគជ័យ ជាមួយនិង ការរីករាយ
ភ្នំពេញ៖ ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់៧មករា លើកទី២២ឆ្នាំ២០២៣ ដែលរៀបចំធ្វើ នៅខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការរីករាយអបអរសាទរ ពីប្រតិភូនិង កីឡាករកីឡាការិនីគ្រូបង្វឹក ដែលបានចូលរួម ។
ឯកឧត្តម ជាម ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ផ្ទះ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បានរៀបចំឡើងចំនួន២២ លើកមកហើយ ក្នុងបំណង ប្រមូលផ្ដុំកីឡាករកីឡាការិនី ចាស់ ក្មេង មកចូលរួម ដើម្បីផ្លាស់ប្ដូបទពិសោធន៍គ្នាទៅវិញទៅមក បង្កើន មិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អជាមួយគ្នា និង ដើម្បី បង្កនូវភាពសប្បាយរីករាយ អបអរដល់ថ្ងៃជ័យជំជំនះ៧មករា រំលឹកដល់ថ្ងៃជាប្រវត្តិសាស្ដ្រ ដែលបានរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពតឲ្យរស់ឡើងវិញ ព្រមទាំងជាការរំលឹក ដល់ប្រជាជន មហាជន ពិសេសយុវជន ជំនាន់ក្រោយដែលមិនបានឆ្លងកាត់ របបប៉ុពត ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ បានយល់ដឹង និង ចូលរួមទប់ស្កាត់របបដ៏កាចសាហាវនេះ មិន ឲ្យវិល ត្រឡប់មកវិញជាលើកទី២ទៀត ។ ជាមួយនេះក៏ដើម្បីបំផុស ប្រភេទេកីឡាវាយសី នៅ តាមបណ្ដាខេត្តឲ្យមានភាពសកម្មឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ កុមារ និង យុវជន ឲ្យងាកមកលេង ដើម្បីសុខមាលភាព ចាកផុតពីអំពើអបាយមុខផ្សេង និង ដើម្បីលើក កម្ពស់ វិស័យ កីឡានេះ ឲ្យកាន់តែរីកចំរើនថែមទៀត។
ឆ្លងតាមការប្រកួត យ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃនេះ ក្នុងចំណោមសម្ព័ន្ធ និង ក្លិបចំនួន១៦ដែលបានចូលរួម សម្ព័ន្ធកីឡាវាយសីស្ដេចកន ខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ផ្ទះ ដណ្ដើម មេដាយមាស បានច្រើនជាងគេ ចំនួន៣គ្រឿង លើ៧វិញ្ញាសា ដោយឈរនៅចំណាត់ថ្នាក់លេខ១ ។ ឯក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឈរលេខ២ មេដាយមាស ២គ្រឿង។ចំណែកលំដាប់បន្ទាប់ ក្លិបកីឡាក្រសួង មហាផ្ទៃ និងសម្ព័ន្ធកីឡាវាយសីខេត្តមណ្ឌលគិរី រកបានមេដាយមាស១គ្រឿងដូចគ្នា ។ ចំណែក បណ្ដាសម្ព័្ធន្ធ និងក្លិប កីឡាវាយសីផ្សេងទៀតដណ្ដើមបានតែមេដាយប្រាក់ និង សំរិតប៉ុណ្ណោះ។
ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសី កម្ពុជា បានកត់សម្គាល់ ថាការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់៧មករា លើកទី២២ នេះ បច្ចេកទេសរបស់កីឡាករកីឡាការិនីមានការកើនឡើង ប៉ុន្ដែក៏នៅមានក្លិបមួយចំនួនមានការខ្វះខាតផងដែរ ។ ជាមួយនេះសហព័ន្ធនឹងខិតខំប្រឹងប្រែង ជួយដល់បណ្ដាក្លិបទាំងនោះដោយ បញ្ជូនគ្រូបង្វឹកឲ្យទៅបណ្ដុះបណ្ដាលដល់ទីតាំងក្លិបតែម្ដង ។
សូមជម្រាបជូនថា ការប្រកួតនេះបានធ្វើឡើងរយៈពេល២ថ្ងៃ មានកីឡាករកីឡាការិនីសរុបចំនួន ១៩៩នាក់ មកពីក្លិប និង សម្ព័ន្ធ កីឡាវាយសីចំនួន១៦ រួមនិងប្រតិភូដឹកនាំចំនួន ៣៨នាក់ផងដែរ ។ សម្រាប់ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់៧មករា លើកទី២៣ ឆ្នាំ២០២៤ នឹងធ្វើឡើង នៅខេត្តមណ្ឌលគិរី ៕ ជាវ ចន្ធូ