ក្រសួងសេដ្ឋកិច្ចនឹងរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ ២០២៣នេះក្រោមប្រធានបទ «ពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា»ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។
សប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ២០២៣ នឹងធ្វើឡើងផ្សព្វផ្សាយតាមរយៈផេកគាំពារសង្គមកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈខាងមុខ ដែលទំព័រនេះនឹងផ្សព្វផ្សាយពី ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ការកំណត់ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រក្នុងការ អភិវឌ្ឍគោលនយោបាយគាំពារសង្គម ការអភិវឌ្ឍនៃប្រព័ន្ធសន្តិសុខសង្គម ការអភិវឌ្ឍនៃកម្មវិធីជាតិជំនួយសង្គម និង ការពង្រឹងយន្តការគាំពារសង្គមដើម្បីតម្លាភាពនិងគណនេយ្យភាព។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន បានឱ្យដឹងថា៖ «សប្តាហ៍គាំពារសង្គម»ប្រចាំឆ្នាំ នេះ ជាវេទិកាថ្នាក់ជាតិមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ រវាងគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីទទួលបានធាតុចូលបន្ថែមសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ រួមទាំងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជាដល់សាធារណជន។
ឯកឧត្តមបានបញ្ជាក់ថា៖ «ប្រធានបទឆ្នាំ២០២៣នេះ គឺយើងធ្វើឡើង ក្រោមប្រធានបទមួយថា ពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា»៕
ដោយ៖ជា សុខនី