ប្រមុខ អ.ស.ប បារម្ភថា ពិភពលោកកំពុងឆ្ពោះទៅរក “សង្រ្គាមកាន់តែទូលំទូលាយ” ជុំវិញជម្លោះអ៊ុយក្រែន និងរុស្ស៊ី

មូស្គូ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃចន្ទសប្តាហ៍នេះ បានព្រមានប្រទេសនានាថា គាត់មានការភ័យខ្លាចពីលទ្ធភាពនៃការកើនឡើងបន្ថែមទៀត នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន មានន័យថា ពិភពលោកកំពុងឆ្ពោះទៅរក “សង្រ្គាមកាន់តែទូលំទូលាយ”។

លោក Guterres បានដាក់ចេញនូវអាទិភាពរបស់គាត់សម្រាប់ឆ្នាំនេះ នៅក្នុងសុន្ទរកថាដ៏អាប់អួរទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលផ្តោតលើការឈ្លានពានរបស់រុស្ស៊ី វិបត្តិអាកាសធាតុ និងភាពក្រីក្រខ្លាំង។

នាឱកាសនោះដែរ លោកបាននិយាយអំពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនថា ការរំពឹងទុកសម្រាប់សន្តិភាពបន្តថមថយចុះ ខណៈសង្គ្រាមឈានចូលដល់ខួបមួយឆ្នាំរបស់វា។

លោក Guterres បានសង្កត់ធ្ងន់ថា អ្នកវិទ្យាសាស្ត្រកំពូលៗ និងអ្នកជំនាញសន្តិសុខបានផ្លាស់ប្តូរទ្រនិច “នាឡិកា Doomsday” មកត្រឹម ៩០វិនាទីដល់ពាក់កណ្តាលអធ្រាត្រកាលពីខែមុន ដែលជាសញ្ញាជិតបំផុតដែលមិនធ្លាប់មាន ដើម្បីបង្ហាញពីការវិនាសនៃមនុស្សជាតិ។ គាត់កំពុងយកវាជាសញ្ញាព្រមានដល់ពិភពលោកទាំងមូល។

ថ្លែងនៅចំពោះមុខអ្នកការទូតនៅទីក្រុងញូវយ៉ក ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងពីការគំរាមកំហែងផ្សេងទៀតចំពោះសន្តិភាព ចាប់ពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន រហូតដល់ប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា សាហែល និងហៃទីផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner