ការជួបជុំរបស់សមាគមខ្មែរ.ចិន ខេត្តបន្ទាយមានជ័យ មានអត្ថន័យបន្តរួមរួបសាមគ្គី ឯកភាព ស្មារតីសប្បុរស រវាងថ្នាក់ដឹកនាំនិងសមាជិកគ្រប់ជំនាន់
បន្ទាយមានជ័យ៖ ការជួបជុំរបស់សមាគមខ្មែរ.ចិន ខេត្តបន្ទាយមានជ័យ មានអត្ថន័យបន្តរួបរួមសាមគ្គី ឯកភាព ស្មារតីសប្បុរសពិសេសថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជំនាន់ ។ នេះគឺជាការលើកឡើង របស់ លោកលី សារី អភិបាលរងខេត្តតបន្ទាយមានជ័យ ក្នុង
ពិធីសម្ពោធអាសនៈ លោកយាយ លោកតា ចាស់ស្រុក និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខ្មែរ ដែលបានធ្វើនៅទីតាំងសាលារៀនខ្មែរ ចិន ផីឆឹង សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ជនជាតិចិន និងខ្មែរសែស្រឡាយចិនមានការគោរពបូជាចំពោះដូនតា(កុងម៉ា) ការគោរពអ្នកតា(លោកយាយលោកតាចាស់ស្រុក)និងទេព្តានិងមានជំនឿជឿជាក់សក្តិសិទ្ធិ ការគោរព កិច្ចប្រតិបត្តិដោយកតញ្ញូតារបស់យើងគ្រប់គ្រប់គ្នា នាំឱ្យមានសេចក្តីសុខសប្បាយ រកស៊ីមានមានបាន មានការរីកចម្រើនរុងរឿង ។
លោក ឆាន់ ប៊ុនម៉ាន់ បានបន្តថា អាសនៈ (វិហារ) លោកយាយ លោកតាចាស់ស្រុកនៃសមាគមខ្មែរ ចិននខេត្តបន្ទាយមានជ័យនេះ មានទំហំ ១៤៤ម៉ែត្រក្រឡា បណ្តោយ ១២ម៉ែត្រ ទទឹង ៩ម៉ែត្រ សង់ពីបេតុងប្រក់ក្បឿង កម្ពស់ ១ជាន់ផ្ទាល់ដី ដោយចំណាយថវិកា ១០១.២០៤ដុល្លារ ។
លោកលី សារី អភិបាលរងខេត្តតបន្ទាយមានជ័យមានប្រសាសន៍កោតសរសើរនិងរាយតម្លៃខ្ពស់ចំពោះការរួមរួបសាមគ្គី ឯកភាព ស្មារតីសប្បុរសរបស់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ពិសេសថ្នាក់ដឹកនាំនិងសមាជិកគ្រប់ជំនាន់ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលលើការងារសង្គមកិច្ច កសាងធនធានមនុស្ស និងសុខុមដុមរមនាសាសនា ក៏បងប្អូនសែស្រឡាយខ្មែរ ចិនក្នុងខេត្ត ៕
ដោយ៖ឃិន គន្ធា