អន្តរក្រសួងបណ្តុះបណ្តាលជំនាញមគ្គុទេ្ទសក៍ទេសចរណ៍ ដល់ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ

កំពង់ធំ៖ សហគមន៍តំបន់ការពារធម្មជាតិចំនួនប្រាំពីរនៅក្នុង ខេត្ត កំពង់ធំ បានទទួលវគ្គបណ្តុះបណ្ដាលចំណេះជំនាញមគ្គុទ្ទេសក៍ សំខាន់ៗចំនួនបី ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានរបស់ ពួកគេ។វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រោមការរៀបចំឡើងដោយ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ សម្រាប់ សហគមន៍ តំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន បានលើកឡើងថា បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួនរហូតដល់ ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧,៣ លានហិកតា ដែលជាមូលដ្ឋានក្នុងការបង្កើតសហគមន៍ការពារ ធម្មជាតិ ដើម្បីចូលរួមការពារធនធានធម្មជាតិ បានល្អប្រសើរសម្រាប់ កូនចៅតជំនាន់។ ឯកឧត្តមបន្តថា ការអភិវឌ្ឍសហគមន៍មូលដ្ឋាន គឺ ពិតជាបានចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និង សហគមន៍ តំបន់ការពារធម្មជាតិនៅកម្ពុជា។

លោកបានឱ្យដឹងបន្ថែមថា វគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ ដោយ ផ្តោតលើជំនាញមគ្គុទ្ទេសក៍ ទេសចរណ៍ ជំនាញបដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ ក្នុង ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែ ខែ កុម្ភៈ គឺឆ្លុះបញ្ជាំងពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចាប់យកឱកាសកាងារល្អនិងលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង តាមរយៈផ្តល់ជូននូវជម្រើសមុខរបរ បន្ថែមទៀតក្រៅពីអ្វី ដែល ធ្លាប់ប្រមូលផលអាស្រ័យផលលើធនធានធម្មជាតិ ក៏ដូចជា ព្រៃឈើ ជាដើម។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងទៀត ថា ៖«ដោយមើលឃើញជំនាញទាំងនេះ មានសាររៈសំខាន់ ទើប ក្រសួង បរិស្ថានបានអនុវត្តន៍ និងសហការអនុវត្តន៍ជាមួយ ស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនលើការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់គ្រួសារសហគមន៍ ស្វែងរក ចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ ជាពិសេសបង្កលលទ្ធភាព បញ្ជូនកូនចៅទៅសាលារៀន នឹងកាត់បន្ថយការដាក់សម្ពាធមកលើ ធនធានធម្មជាតិ និងជីវចម្រុះ ហើយបង្កើនក្តីស្រឡាញ់ជាតិ មាតុភូមិ របស់ខ្លួនកាន់តែខ្លាំង»។

ចំពោះវគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ការពារតំបន់ការពារ ធម្មជាតិក្នុងខេត្តកំពង់ធំចំនួនប្រាំពីរនេះ មានរយៈពេល៥ថ្ងៃចាប់ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបែងចែកចេញជា ២ផ្នែកធំៗ ក្នុងនោះ៖ ផ្នែកទី១ មគ្គុទេ្ទសក៍ទេសចរណ៍ បដិសណ្ឋាការកិច្ច (បានផ្តោតសំខានលើ ការស្វាគមន៍ ក៏ដូចជា ការការអត្ថាធិប្បាយ ជូនភ្ញៀវទេសចរ) និងផ្នែកទី២ គឺជំនាញចុងភៅ។ វគ្គបណ្តុះបណ្តាលនេះ គឺមានគ្រូឧទ្ទេសពីខាងក្រសួងទេសចរណ៍ និងមានសិក្ខាកាមចំនួន ២០នាក់ មកពីសហគមន៍តំបន់ការពារ ធម្មជាតិ ចំនួនប្រាំពី នៅក្នុងខេត្តកំពង់ធំ។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបង្កើត គម្រោងពិព័រណ៍សហគមន៍ ដែលជាគម្រោងទី១ ក្រោមការណែនាំ របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងគោល ដៅជំរុញលើកកម្ពស់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានជីវភាពរុងរឿង តាមរយៈការបង្កើតមុខរបរដល់គ្រួសារសហគមន៍។ គម្រោង នេះ ត្រូវយកមកអនុវត្តមុនគេក្នុងខេត្តកំពង់ធំ។

ឯកឧត្តម សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន និងជាប្រធានគម្រោងពិព័រណ៍សហគមន៍ បានឱ្យដឹងដែរថា តាមរយៈគម្រោងពិព័រណ៍សហគមន៍ ដែល គាំទ្រ ដោយមូលនិធិបរិស្ថាន និងសង្គម កន្លងមក ក្រុមការងារ អនុវត្ត គម្រោងបានសម្របសម្រួលបើកវគ្គបណ្តុះបណ្តាលចំណេះជំនាញដល់សហគមន៍តំបន់ការពារធម្មជាតិទាំង១៧ ក្នុងខេត្តកំពង់ធំ។

ដោយក្នុងនោះរួមមាន៖ សហគមន៍ចំនួន ១១នាក់ បានរៀនភ្លេង ប្រពៃណី ដោយសហការជាមួយមន្ទីរវប្បធម៌ខេត្ត, សហគមន៍ចំនួន ២នាក់បានរៀនចប់វគ្គជួសជុលម៉ូតូ ដោយសហការជាមួយ វិទ្យាស្ថាន ពហុបច្ចេកទេសកំពង់ធំ, សហគមន៍ចំនួន ១៤នាក់ បានរៀនចប់វគ្គ ភ្នាក់ងារពេទ្យសត្វភូមិដោយសហការជាមួយមន្ទីរកសិកម្មខេត្ត, និងសហគមន៍ចំនួន ២០នាក់ និងមន្ត្រីនៃមន្ទីរបរិស្ថាន ៤នាក់ បានរៀនចប់វគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងធ្វើម្ហូប (១៣មុខ) ដោយសហការជាមួយក្រសួងទេសចរណ៍។ ឃើញថា ក្រោយទទួលបានវគ្គបណ្តាលទាំងនេះ ប្រជាពលរដ្ឋមកពី សហគមន៍ តំបន់ការពារធម្មជាតិ អាចទទួលបានជំនាញ និងអាចប្រកបរបរនៅ ក្នុងសហគមន៍ រកចំណូលសម្រាប់បង្កើនជីវភាពគ្រួសារផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានគម្រោងពិព័រណ៍សហគមន៍៕
ដោយ៖ សែម ពិសី

ads banner