កម្ពុជា គ្រោងនឹងនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីនឱ្យបាន ១០ម៉ឺនតោន នៅឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងដំណើរ ទស្សនកិច្ច សិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន របស់ប្រតិភូ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការ សិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការ ធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះ ហត្ថលេខានាពេលឆាប់ៗខាងមុខ។
យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រីកទីផ្សារស្រូវអង្ករ ដោយនៅក្នុងកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាទីផ្សារនេះ គណៈប្រតិភូ ប្រទេសកម្ពុជាបានជួបជាមួយ លោក ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងលោកស្រី DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើ ការ នាំចូលអង្ករ។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូកម្ពុជាបាន ជួប ពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ ផ្គត់ផ្គង់ ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផល បណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផង ដែរ។ ក្រសួងបានបញ្ជាក់ថា ៖ «ភាគីហ្វីលីពីន ក៏នឹងបើកឱ្យមានការធ្វើ ពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជន ដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃដែល បានឯកភាព រវាងភាគីទាំងពីរ»។
លោក ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន ឱ្យ ដឹងថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជា ប្រទេស នាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ ស្តែងក្នុង ឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករសធម្មតា។
លោកបានបន្ថែមថា ជំហានដំបូងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសម្លឹងមើលយកចំណែកទីផ្សារហ្វីលីពីន ប្រមាណ១០ម៉ឺនតោន ខណៈដែលកន្លងទៅកម្ពុជាធ្លាប់សាកល្បងនាំចេញទៅហ្វីលីពីនបានប្រមាណតែ១០០តោនប៉ុណ្ណោះ នៅអំឡុងពេល២ឆ្នាំមុន។ ម្យ៉ាង វិញទៀត ទីផ្សារនេះមានភាពប្រកួតប្រជែងខ្លាំង ដោយ សហព័ន្ធស្រូវ កំពុងតែពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណា អាចកាត់បន្ថយថ្លៃដើមបានខ្លះ ដើម្បីជំរុញការនាំចេញទៅហ្វីលីពីន។
លោក ចាន់ សុខឃាំង បានបញ្ជាក់បន្ថែមថា ៖ «យើងកំពុងតែ រកលទ្ធភាព ដែលយើងអាចនាំចេញទៅទីផ្សារហ្វីលីពីន ហើយ សហព័ន្ធស្រូវអង្ករកំពុងតែស្វែងរកសក្តានុពលបន្ថែមទៀត ដើម្បី ធ្វើយ៉ាងណានាំចេញឱ្យបាន ១០ ម៉ឺនតោន នៅក្នុង ឆ្នាំ២០២៣នេះ។ មូលហេតុដែលកន្លងមកយើងមិនបាននាំចេញទៅទីផ្សារហ្វីលីពីន ដោយសារតែទីផ្សារនេះមានការប្រកួតប្រជែងខ្លាំង សូម្បីតែថៃ ក៏នាំ ចូលទៅហ្វីលីពីនបានតិចដែរ»។
លោកបានបន្តថា ក្រោយពីសហព័ន្ធស្រូវអង្ករចាប់ផ្តើមពង្រឹង ក្រោម ការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យការ ដឹកជញ្ជូន មានភាពប្រកួតប្រជែងផងនោះ នេះជាពេលវេលាមួយ ដែលអង្ករកម្ពុជា ត្រូវក្រឡេកទៅមើលទីផ្សារហ្វីលីពីន ប៉ុន្តែស្ថិត នៅក្នុងកម្រិតទីផ្សារទំហំតូចនៅឡើយទេ។
បើតាមលោក ចាន់ សុខឃាំង សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបើក កិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីផ្សព្វផ្សាយដល់សមាជិកទាំងអស់ ពី តម្រូវការ និងយន្តការទីផ្សាររបស់ប្រទេសហ្វីលីពីន ដើម្បីសម្រេច ឱ្យបាននូវការនាំចេញក្នុងកម្រិត ១០ ម៉ឺនតោន ជាលើកដំបូង ទៅកាន់ប្រទេសនេះ។ ជាមួយគ្នានេះដែរ លោក សុង សារ៉ន អគ្គនាយក និងជាស្ថាបនិក ក្រុមហ៊ុន អេមរុ រ៉ាយ បានឱ្យដឹងថា វាជាដំណឹងដ៏ល្អ សម្រាប់ ក្រុមហ៊ុន នាំចេញអង្កររបស់កម្ពុជា ដែលមានឱកាសពង្រីកទីផ្សារទៅ កាន់ប្រទេសហ្វីលីពីនមួយទៀត។
លោកថា ហ្វីលីពីន ជាទីផ្សារមួយដែលធំ ប៉ុន្តែក្រុមហ៊ុន នឹង សិក្សា លម្អិតថែមទៀត ថាតើអង្ករកម្ពុជាអាចនាំចូលបាន ឬយ៉ាងណា ហើយក្រុមហ៊ុនអ្នកនាំចេញអង្ករ អាចធ្វើបាន បើសិនជាមានការ រៀបចំផែនការ ផ្គត់ផ្គង់ និងមានថវិកាគ្រប់គ្រាន់សម្រាប់ ស្តុកស្រូវ ទុកពេលច្រូតកាត់។ លោក សុង សារ៉ន បានបញ្ជាក់ដូច្នេះថា ៖ «ខាងក្រុមហ៊ុនយើង មិនដែលនាំចេញអង្ករទៅទីផ្សារហ្វីលីពីននោះទេ។ ខ្ញុំគិតថា នេះ ជាព័ត៌មានល្អ ដែលក្រសួងពាណិជ្ជកម្ម និងខាងសហព័ន្ធស្រូវអង្ករ បានគិតគូរដើម្បីបើកទីផ្សារថ្មីទៅកាន់ប្រទេសហ្វីលីពីននេះ។
យើងដឹងហើយថា ហ្វីលីពីន ជាទីផ្សារក្នុងអាស៊ាន ហើយកម្ពុជា យើងមានការផលិតអង្ករ ជាពិសេសក្រុមហ៊ុនខ្ញុំផ្ទាល់ បានទិញ ប្រមូលទិញស្រូវពីកសិករផ្ទាល់ ដូច្នេះយើងអាចធានាបាននូវការ ប្រកួតប្រជែង និងអាចមានលទ្ធភាពផ្គត់ផ្គង់ទៅកាន់ទី ផ្សារថ្មីនេះ បាន»។
បើតាមក្រសួងពាណិជ្ជកម្ម នៅចុងខែកុម្ភៈ ឬដើមខែមីនាខាងមុខនេះ តាមរយៈការអញ្ជើញពី សហព័ន្ធស្រូវអង្ករកម្ពុជា អ្នកនាំចូលអង្ករ ប្រទេស ហ្វីលីពីន នឹងមកទស្សនកិច្ចសិក្សាលើរោងម៉ាស៊ីនកិន ស្រូវ កម្ពុជាដោយផ្ទាល់ ដើម្បីបង្កើនទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់ តែប្រសើរឡើង និងមានភាពយូរអង្វែង ដែលកម្មវិធីនេះនឹងគ្រោងរៀប ចំឡើងនៅពេលរដូវច្រូតកាត់ស្រូវប្រាំងជុំទី១ ដែលក្នុងកំឡុងពេល ទស្សនកិច្ចសិក្សាអាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់តែ ម្តង៕
ដោយៈវណ្ណ សុជាតា