មេដឹកនាំជាន់ខ្ពស់បក្សប្រឆាំងតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅកាន់ ចិនដីគោក
តៃប៉ិ៖ យោងតាមសេចក្ដីប្រកាសរបស់គណបក្សគួមីនតាង (Kuomintang) ដែលជាគណបក្សប្រឆាំងដ៏ចម្បងរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់របស់ខ្លួននឹងធ្វើទស្សនកិច្ចទៅកាន់ ប្រទេសចិនក្នុងសប្តាហ៍នេះ ។ក្នុងដំណើរទស្សនកិច្ចនេះគ្រោងនឹង ចូលជួបជាមួយមន្ត្រីគោលនយោបាយកំពូលតៃវ៉ាន់។
គួរដឹងដែរថា រយៈពេលបីឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើន ការដាក់សម្ពាធទៅលើកោះតៃវ៉ាន់ បង្ខំឱ្យទទួលយកអធិបតេយ្យ ភាពរបស់ចិនទៅលើដែនកោះមួយនេះ រួមទាំងបានធ្វើ សមយុទ្ធ យោធា ជុំវិញកោះមួយនេះជាញឹកញាប់។ យ៉ាងណាក៏ដោយ ដែនកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ និងមាន រដ្ឋាភិបាលស្វ័យភាពដាច់ដោយឡែកពីចិនដីគោកមួយនេះ តែងតែបដិសេធនូវការទាមទាររបស់ចិន។
គណបក្សគួមីនតាង បានលើកឡើងថា អនុប្រធានរបស់ខ្លួនគឺលោក Andrew Hsia នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃពុធ ហើយ គ្រោងនឹងចូលជួបលោក Song Tao ដែលជាប្រធានការិយាល័យ ទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ប្រទេសចិន។ ជំនួបនេះធ្វើឡើងស្របពេលដែលកាលៈទេសៈនៃវិបត្តិនយោបាយកំពុងប្រេះឆា និងដែលជាជំនួបរវាងមន្ត្រីជាន់ខ្ពស់ដ៏កម្រ រវាងអ្នក នយោបាយកំពូលមកពីតៃវ៉ាន់ និងចិនដីគោក។
យោងតាមគណបក្សដដែល បានគូសបញ្ជាក់ឱ្យឃើញថា លោក Hsia ជាអតីតអ្នកការទូតតៃវ៉ាន់មួយរូប និងជាប្រធានក្រុមប្រឹក្សា ទទួលបន្ទុកកិច្ចការចិនដីគោករបស់តៃវ៉ាន់។ ក្នុងដំណើរទស្សនកិច្ចមួយនេះ គណៈប្រតិភូរបស់លោកនឹងធ្វើការ ផ្លាស់ប្ដូរមតិយោបល់ជាមួយភាគីចិន និងធ្វើការសន្ទនាដោយឈរ លើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ។ គណបក្សនេះបានបន្ថែមថា ៖ «ពួកគេនឹងធ្វើការឆ្លុះបញ្ចាំងពីការ ព្រួយបារម្ភរបស់សាធារណៈជនរបស់តៃវ៉ាន់ចុងក្រោយបង្អស់ អំពី បញ្ហាសន្តិសុខនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងការរំពឹងទុក សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់នាពេលខាងមុខទៀត»។
ក្រុមប្រឹក្សាកិច្ចការចិនដីគោកក៏បានឱ្យដឹងផងដែរថា គណបក្ស គួមីនតាង បានជូនដំណឹងមកកាន់ខ្លួនអំពីដំណើរទស្សនកិច្ចនេះ រួចរាល់ហើយ។ ក្រុមប្រឹក្សានេះបានបន្ថែមថា អ្នកនយោបាយ តៃវ៉ាន់ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិនគួរតែធ្វើការឆ្លុះបញ្ចាំងពីការទទូចចង់បានរបស់ប្រជាជនតៃវ៉ាន់ នោះគឺការរក្សាលទ្ធិប្រជាធិបតេយ្យ និងសន្តិភាព។
សូមបញ្ជាក់ផងដែរថា កន្លងមក គណបក្សគួមីនតាងមានទំនោរទៅ រកការពេញចិត្ត ពេញថ្លើមគ្នា យ៉ាងជិតស្និទ្ធជាមួយចិនដីគោក ប៉ុន្តែគណបក្សមួយនេះតែងតែបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំងនោះទេ។ ដោយឡែក ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានលើកឡើងថា ខ្លួន ស្វាគមន៍ ជានិច្ចចំពោះដំណើរទស្សនកិច្ចមកកាន់ចិនដីគោករបស់លោកអនុប្រធានគណបក្ស លោក Hsia ។
គួររម្លឹកផងដែរថា លោក Hsia ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិនរួចម្ដងមកហើយ កាលពីខែសីហា ឆ្នាំ២០២២ ដែល កាលនោះ វាជាដំណើរទស្សនកិច្ចមួយដែលត្រូវបានថ្កោលទោស ភ្លាមៗដោយរដ្ឋាភិបាលតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ ពង្រាយកងកម្លាំងយោធាកៀកក្បែរកោះតៃវ៉ាន់ និងបានបើក យន្តហោះចម្បាំងចូលក្នុងដែនអាកាសតៃវ៉ាន់ទៀតផង។
គួរកត់សម្គាល់ថា ទង្វើរបស់ចិនកាលនោះ គឺធ្វើឡើងដើម្បីសម្តែង ការខឹងសម្បារចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ។ ចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen បានចូលកាន់ដំណែងជាប្រធានាធិបតីតៃវ៉ាន់មក ប្រទេសចិន មិនបានបើកកិច្ចចរចាម្ដងណាឡើយជាមួយរដ្ឋបាលរបស់លោកស្រី ព្រោះចិនតែងតែមានជំនឿថា លោកស្រីជាអ្នកដែលតែងតែប្រកាន់ គោលជំហរបំបែកខ្លួន ពោលគឺចង់ប្រកាសកោះតៃវ៉ាន់ជារដ្ឋឯករាជ្យ។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានបដិសេធការហៅឱ្យចូលតុចរចាជាញឹក ញាប់ពីសំណាក់លោកស្រី Tsai ទៀតផង។
ដោយឡែក គណបក្សគួមីនតាងបានចេញមុខការពារខ្លួនជុំវិញ ទំនោរទៅកាន់ចិនដីគោកថា ទំនាក់ទំនងរវាងភាគីតៃវ៉ាន់ និង ចិនដីគោក ត្រូវតែមានការបើកចំហរឱ្យគ្នាទៅវិញទៅមក។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សនៅក្នុងដំណើរទស្សនកិច្ចរបស់លោក Hsia បានបញ្ជាក់ថា ៖ «ដោយពិចារណា ឃើញពី ភាពជាប់គាំងបច្ចុប្បន្ននៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរជុំវិញអស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ វាជារឿងធម្មតាទេដែលយើង មិនត្រូវ អង្គុយនៅស្ងៀម»។ បន្ថែមលើនេះ សេចក្ដីថ្លែងការណ៍ដដែលក៏បាន ឱ្យដឹងថា គណបក្សមួយនេះនឹងធ្វើការរាយការអំពីការវិវត្តទៅនៃ ដំណើរ ទស្សនកិច្ចនៅចិនដីគោក ទៅកាន់រដ្ឋាភិបាលតៃប៉ិ នៅពេលដែលលោកអនុប្រធាន Hsia ត្រឡប់មកវិញ៕
ដោយ៖ធា សុណា
ប្រភព៖ https://www.reuters.com/world/asia-pacific/senior-taiwan-opposition-leader-visit-china-amid-continued-tensions-2023-02-06/